កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំងសង្ស័យពាក់ព័ន្ធបទល្មើស Online Scam នៅតំបន់ដាច់ស្រយ៉ាល
ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦
ខេត្តប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំកម្លាំង និងចុះពិនិត្យដោយផ្ទាល់នៅទីតាំងមួយស្ថិតក្នុងតំបន់ដាច់ស្រយ៉ាល ដែលកំពុងត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឡោមព័ទ្ធ ត្រួតពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីទទួលបានព័ត៌មាន និងការសង្ស័យថា ទីតាំងខាងលើអាចមានជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងបទល្មើសបច្ចេកវិទ្យាផ្សេងៗ។
ប្រតិបត្តិការនេះ ត្រូវបានអនុវត្តដោយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនអង្គភាព ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធពីរដ្ឋបាលខេត្ត និងស្ថាប័នជំនាញ ក្នុងគោលបំណងបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលាចំពោះរាល់សកម្មភាពបទល្មើសបច្ចេកវិទ្យា បទល្មើសឆ្លងដែន និងអំពើឆបោកតាមប្រព័ន្ធអនឡាញ ដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ចសង្គម និងកិត្តិយសរបស់ប្រទេសជាតិ។
ក្នុងឱកាសចុះពិនិត្យនោះ លោកជំទាវអភិបាលខេត្ត ក៏បានណែនាំដល់កម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែក ត្រូវអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ គោរពនីតិវិធីច្បាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាពនៃប្រតិបត្តិការ និងរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។
បច្ចុប្បន្ន អាជ្ញាធរ និងសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីស្រាវជ្រាវ ស្វែងរកភស្តុតាង និងពិនិត្យព័ត៌មានពាក់ព័ន្ធនានា ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ពីសកម្មភាពជាក់ស្តែងនៅទីតាំងខាងលើ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ លទ្ធផលនៃការស្រាវជ្រាវនឹងត្រូវជូនដំណឹងជាសាធារណៈនៅពេលក្រោយ ប្រសិនបើមានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ច។
រៀបរៀង និងផ្សព្វផ្សាយដោយ៖ លោក ហុក វិបុល
ចាងហ្វាងសារព័ត៌មាន ពន្លឺព្រះធម៌
ទូរស័ព្ទ៖ 097 421 6661

