ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤

ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤
ប៉ៃលិន៖ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកជាច្រើនរូប។
កិច្ចប្រជុំបានពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗ រួមមាន៖ កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៤ របាយការណ៍ការងារប្រចាំខែឧសភា ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត ព្រមទាំងប្រតិទិនកិច្ចប្រជុំសាមញ្ញរយៈពេល ១២ ខែ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត និងការពិនិត្យលើសំណើពាក់ព័ន្ធផ្សេងៗ។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានក្រើនរំលឹកដល់មន្ទីរជំនាញ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ឱ្យបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសការគាំទ្រ និងសម្របសម្រួលជីវភាពរស់នៅរបស់ពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ រួមទាំងជួយស្វែងរកឱកាសការងារសមស្របជូនពួកគាត់ផងដែរ។
លោកជំទាវអភិបាលខេត្ត ក៏បានកោតសរសើរចំពោះកិច្ចសហការរវាងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scams) និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
ជាការបូកសរុបកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់រដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ ដែលបានខិតខំដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងជំរុញការអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បន្តបំពេញការងារបម្រើប្រជាពលរដ្ឋដោយការទទួលខុសត្រូវខ្ពស់ ផ្តោតលើការដោះស្រាយបញ្ហាប្រឈម និងការផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័ស មានប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។

 


ដោយ៖ អ៊ុក ទូច

Leave a Reply

Your email address will not be published. Required fields are marked *