អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣

 

អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣

(ប៉ៃលិន)៖នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាល​ខេត្តប៉ៃលិន និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិ​ខេត្ត​ប៉ៃលិន  មុនចេញទៅប្រកួតក្រុមភ្លេង​កាយ​រឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និង​ការ​អភិវឌ្ឍ» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅរាជធានីភ្នំពេញ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ដោយមានការយកចិត្តទុក្ខដាក់​ខ្ពស់​ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺកាយរឹទិ្ធជាតិកម្ពុជា បានចូលរួម​អនុវត្តយ៉ាងសកម្មដល់ការអនុវត្តគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា ចំពោះការសិក្សាពេញមួយជីវិត និងផែនការយុទ្ធសាស្រ្តវិស័យអប់រំ សំដៅរួមចំណែកអភិវឌ្ឍកម្មវិធីសម្រាប់កុមារ និងយុវជនកម្ពុជា ឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងជំនាញសតវត្សរ៍ទី២១ ឆ្លើយតបទៅនឹងបដិវត្តន៍​ឧស្សាហកម្ម ៤.០ និងបរិវត្ត​កម្ម​ឌីជីថល។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី៣ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គឺជាប្រធានកាយរឹទិ្ធជាតិកម្ពុជា គឺក្នុងគោលបំណង​អភិវឌ្ឍន៍​សមត្ថភាពយុវជនកាយរឹទ្ធិ ឱ្យមានសក្ដា​នុ​ពល​​ពេញលេញ ផ្នែកផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត ផ្លូវអារម្មណ៍ ព្រមទាំង​ចូលរួមរក្សាក្រុមភ្លេងកាយរឹទ្ធិឱ្យមាន​និរន្តរ​ភាព ជាពិសេសលើកទឹកចិត្តដល់យុវជនកាយរឹទ្ធិឱ្យខិតខំប្រឹងប្រែង​អភិវឌ្ឍន៍​សមត្ថភាព។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំ និងក្រុមយុវជនកាយរឹទ្ធិទាំងអស់ ត្រូវបន្ត​អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនស្របតាមគោលបំណង គោលការណ៍ និងវិធីនៃចលនាកាយរឹទ្ធិ ព្រមទាំង​ត្រូវបន្តពង្រឹងការគោរពវិន័យច្បាប់កាយរឹទ្ធិ និងពង្រីកការធ្វើអំពើល្អ សំដៅកសាងជនគំរូ ក្នុងជួរយុវជនឱ្យបាន​កាន់តែ​ច្រើន​ឡើង ដើម្បីឱ្យសមាជិកកាយរឹទ្ធិទាំងអស់ក្លាយជាពលរដ្ឋល្អ និងមានសមត្ថភាពគ្រប់គ្រាន់ មានស្មារតីទទួល​ខុស​ត្រូវ​ខ្ពស់ និងជាអ្នកបន្តវេនដ៏មានប្រសិទ្ធភាពក្នុងកិច្ចការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ។

សូមរំលឹកថា៖ កាយរឹទ្ធិជាតិបង្កើតឡើងក្នុងឆ្នាំ២០០០ ក្រោមគំនិតផ្ដួចផ្ដើម របស់សម្ដេច ហ៊ុន សែន។ ក្រុមកាយរឹទ្ធជាតិកម្ពុជា បានទទួលស្គាល់ជាសមាជិកពេញសិទ្ធិ នៃអង្គការពិភពលោក នៃចលនាកាយរឹទ្ធិ នៅថ្ងៃ១ ខែកក្កដា ឆ្នាំ២០០៨៕

ដោយ អ៊ុក ទូច

Leave a Reply

Your email address will not be published. Required fields are marked *