ប្រសាសន៍សម្ដេចនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់លើការទប់ស្កាត់អំពើរត់ពន្ធ ខណៈពលរដ្ឋលើកឡើងពីសកម្មភាពសង្ស័យដឹកទំនិញគេចពន្ធតាមច្រករបៀងសំយ៉ោង

ប្រសាសន៍សម្ដេចនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់លើការទប់ស្កាត់អំពើរត់ពន្ធ ខណៈពលរដ្ឋលើកឡើងពីសកម្មភាពសង្ស័យដឹកទំនិញគេចពន្ធតាមច្រករបៀងសំយ៉ោង


ស្វាយរៀង៖ ប្រជាពលរដ្ឋនៅតំបន់ច្រករបៀងសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានលើកឡើងពីការសង្ស័យថា មានសកម្មភាពដឹកជញ្ជូនទំនិញគេចពន្ធឆ្លងដែនកើតឡើងជាបន្តបន្ទាប់ ដោយអះអាងថា មានរថយន្តធុនធំ និងរថយន្តទ្រុងបិទជិតជាច្រើនគ្រឿង ដឹកទំនិញមកផ្ទេរចូលឃ្លាំងមួយចំនួននៅក្បែរច្រករបៀង មុននឹងបន្តផ្ទេរទៅលើរថយន្ត និងត្រាក់ទ័ររបស់ភាគីវៀតណាម ដើម្បីដឹកឆ្លងដែន។
តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា ទំនិញដែលសង្ស័យថាគេចពន្ធ មានដូចជា ស្ករស ក្រណាត់ ខោអាវគីប និងទំនិញផ្សេងៗទៀត ដែលត្រូវបានដឹកចូលឃ្លាំងបិទជិត មុនពេលផ្ទេរបន្ត។ ប្រភពដដែលអះអាងថា សកម្មភាពនេះកើតឡើងស្ទើររៀងរាល់ថ្ងៃ និងមានរថយន្តចេញចូលជាច្រើនគ្រឿង។
ប្រជាពលរដ្ឋខ្លះក៏បានអះអាងបន្ថែមថា មានជនស៊ីវិលមួយចំនួនឈរនៅតំបន់នោះ ដើម្បីប្រមូលប្រាក់ពីរថយន្តដឹកទំនិញ ប៉ុន្តែព័ត៌មាននេះនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធនៅឡើយទេ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភថា ការធ្វើចរាចរណ៍របស់រថយន្តដឹកទំនិញធុនធំជាញឹកញាប់ អាចបណ្តាលឱ្យផ្លូវថ្នល់ខូចខាត បង្កធូលីហុយ ប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់អ្នករស់នៅតាមបណ្តោយផ្លូវ។
ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នជំនាញពាក់ព័ន្ធ ចុះពិនិត្យ ស្រាវជ្រាវ និងបំភ្លឺការពិត ដើម្បីធានាការអនុវត្តច្បាប់ ប្រមូលពន្ធឱ្យបានត្រឹមត្រូវ និងទប់ស្កាត់រាល់សកម្មភាពខុសច្បាប់ ប្រសិនបើមាន។
កំណត់សម្គាល់៖ អត្ថបទនេះរៀបចំឡើងដោយផ្អែកលើការរាយការណ៍ និងការលើកឡើងពីប្រភពប្រជាពលរដ្ឋ។ ភាគី ឬស្ថាប័នដែលត្រូវបានរៀបរាប់ក្នុងអត្ថបទ មានសិទ្ធិបំភ្លឺ ឬផ្តល់ព័ត៌មានបន្ថែម ដើម្បីឱ្យការផ្សព្វផ្សាយមានតុល្យភាព ស្របតាមក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។
សម្រាប់ផ្តល់ព័ត៌មាន ឬសិទ្ធិបំភ្លឺ៖
📞 097 421 6661
📞 071 799 6662
📞 071 288 8480
📞 096 979 7966

Leave a Reply

Your email address will not be published. Required fields are marked *