រយៈពេល​៨​ថ្ងៃ មន្ត្រី​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​លំផាត់ ដកហូត​ឈើ​ប្រមាណ​ជាង ៤​ម៉ែត្រគូប និង​មធ្យោបាយ​ជាច្រើន​ទៀត​

រយៈពេល​៨​ថ្ងៃ មន្ត្រី​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​លំផាត់ ដកហូត​ឈើ​ប្រមាណ​ជាង ៤​ម៉ែត្រគូប និង​មធ្យោបាយ​ជាច្រើន​ទៀត​

ខេត្ត​មណ្ឌលគិរី​៖ មន្ត្រី​ឧទ្យានុ​រ​ក្ស​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំព្រេច​-​លំផាត់ ភូមិសាស្ត្រ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ចុះ​ល្បាត ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដោយ​បាន​ដកហូត​ឈើ​អារ​ប្រភេទ​លេខ​១ (​សុ​ក្រំ​) ជិត ១៥០​កំណាត់ រួម​ទាំង​គោយន្ត​កន្ត្រៃ និង​ម៉ូតូ​ជាច្រើន​គ្រឿង​។​

​ប្រតិបត្តិការ​នេះ​ប្រើពេល​អស់ ៨​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៦ ដឹកនាំ​ដោយ​លោក ឌិន ប៊ុន​ថាច ប្រធានការិយាល័យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​-​លំផាត់ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ជី​ក្លប ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ។​

​សេចក្តីរាយការណ៍​សមត្ថកិច្ច​បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​០១ មិថុនា ក្នុង​ពេល​ចុះ​ល្បាត​ដល់​ចំណុច​ដៃ​អូរ​ជាវ (​តាម​បណ្តោយ​ផ្លូវ​៧៧) មន្ត្រី​ជំនាញ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ចំនួន ១១​នាក់ កំពុង​បើកបរ​គោយន្ត​កន្ត្រៃ​សណ្តោងរ​ម៉ក​ចំនួន ០៤​គ្រឿង ដឹកជញ្ជូន​ឈើ​អារ​ប្រភេទ​សុ​ក្រំ​។ នៅពេល​ឃើញ​សមត្ថកិច្ច ក្រុម​ជនសង្ស័យ​បាន​បើក​គោយន្ត​គេច​ខ្លួន​រហូត​ដល់​ចំណុច​ត្រពាំង​កណ្តោល (​និយាម​កា 707247, 1431024)​។ ដោយសារ​ស្ថានភាព​ផ្លូវ​ផុង​ខ្លាំង ក្រុម​ជនសង្ស័យ​បាន​ស្រាយ​ខ្សែពួរ​ទម្លាក់​ឈើ​ចោល ហើយ​បាន​បន្សល់ទុក​ម៉ូតូ​ម៉ាក Wave ពណ៌​ស គ្មាន​ស្លាក​លេខ ០១​គ្រឿង (​សម្រាប់​ជិះ​មើលផ្លូវ​) រួច​បើក​គោយន្ត​បន្ត​ទៅមុខ​។​

​មន្ត្រី​បរិស្ថាន​បាន​ដេញ​តាម​រហូតដល់​ចំណុច​ស្រែ​ប៉ាង (​និយាម​កា 712723, 1436948) ក៏​រកឃើញ​គោយន្ត​កន្ត្រៃ​ចំនួន ០៣​គ្រឿង ដែល​ជនល្មើស​យកទៅ​លាក់​ក្នុង​ព្រៃ រួច​រត់គេចខ្លួន​បាត់​ស្រមោល​។​

​ដោយឡែក​គោយន្ត ០១​គ្រឿង​ទៀត បាន​រត់​គេច​រួច ដោយសារ​កម្លាំង​មន្ត្រី​មាន​ចំនួន​តិច និង​ស្ថានភាព​មេឃងងឹត​ខ្លាំង​។ វត្ថុតាង​គោយន្ត ០៣​គ្រឿង និង​ម៉ូតូ ០១​គ្រឿង ត្រូវបាន​នាំយក​មក​រក្សាទុក​នៅ​ទីស្នាក់ការ​កណ្តាលរ​យ៉​លើ​។​

​សេចក្តីរាយការណ៍​បន្ត​ថា នៅ​ថ្ងៃ​ទី​០២-០៤ មិថុនា ក្រុម​ការងារ​បាន​ដាក់​កម្លាំង​យាមកាម​ឈើ​នៅ​នឹង​កន្លែង​យ៉ាង​តឹងរ៉ឹង រួច​បន្ត​ដឹក​ជញ្ជូន​វត្ថុតាង​ឆ្ពោះទៅ​កាន់​ទីស្នាក់ការ​។ ទោះបីជា​មាន​ការរអាក់រអួល​ដោយសារ​មធ្យោបាយ​ដឹកជញ្ជូន​ខូច​នៅ​ចំណុច​ស្លាក​ដែក​ក៏ដោយ ក៏​នៅ​ថ្ងៃទី​០៤ មិថុនា ឈើ​ល្មើស​ទាំងអស់​ត្រូវបាន​ដឹក​មក​ដល់​ទីស្នាក់កា​រ​កណ្តាល​រយ៉​លើ​ដោយ​សុវត្ថិភាព​។​ហើយ​នៅ​ថ្ងៃទី​០៥-០៧ មិថុនា មន្ត្រី​ជំនាញ​បាន​បន្ត​រុករក​គោយន្ត ០១​គ្រឿង​ដែល​នៅ​សេសសល់ តែ​រក​មិនឃើញ​។

​បន្ទាប់មក​បាន​រៀបចំ​កន្លែង​ទុកដាក់ និង​ធ្វើការ​វាស់វែង​ឈើ​ជាក់ស្តែង​។ ជា​លទ្ធផល ឈើ​អារ​ប្រភេទ​សុ​ក្រំ​ដែល​ដកហូត​បាន​មាន​ចំនួន​សរុប ១៥០​កំណាត់ ស្មើនឹង ៤,៣៦១ ម៉ែត្រគូប​។​

​ចំណែក​នៅ​ថ្ងៃ​ទី​០៨ មិថុនា ក្រុម​កម្លាំង​ជំនាញ​បាន​បន្ត​ល្បាត​រហូតដល់​ចំណុច​ដៃ​អូរ​រពើ ដោយ​ពុំ​បាន​រកឃើញ​បទល្មើស​ធនធានធម្មជាតិ​អ្វី​ផ្សេង​ទៀត​ឡើយ​។​ចំពោះ​មធ្យោបាយ និង​វត្ថុតាង​ដែល​ដកហូត​បាន​ទាំងអស់ ត្រូវ​បាន​រក្សាទុក​នៅ​ទីស្នាក់ការ​កណ្តាលរ​យ៉​លើ ហើយ​មន្ត្រី​ជំនាញ​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​-​លំផាត់ កំពុង​តែ​រៀបចំ​កសាង​សំណុំរឿង​ទៅ​តាម​ច្បាប់​៕

   

Leave a Reply

Your email address will not be published. Required fields are marked *