ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅឃុំរស្មីសាមគ្គី
ខេត្តកំពង់ស្ពឺ៖ រសៀលថ្ងៃពុធ ទី០៧ ខែមករា ឆ្នាំ២០២៦ នៅស្នាក់ការភូមិព្រៃធំ ឃុំរស្មីសាមគ្គី ខេត្តកំពង់ស្ពឺ ឯកឧត្តមវេជ្ជបណ្ឌិត ឌឿន វុទ្ធា អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ទទួលបន្ទុកកិច្ចការទូទៅ តំណាងឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ១៧ នាក់ (ស្ត្រី ៩ នាក់) ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល។
កម្មវិធីនេះ បានផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺទូទៅ បំពាក់ឧបករណ៍ជំនួយការស្តាប់ អប់រំសុខភាព និងចែកថ្នាំពេទ្យ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី។
ជាលទ្ធផល មានប្រជាពលរដ្ឋមកទទួលសេវាពិនិត្យព្យាបាលសរុបចំនួន ២៩៨ នាក់ ក្នុងនោះមានស្ត្រី ១៤៤ នាក់។ ជំងឺដែលបានពិនិត្យ និងព្យាបាល រួមមាន ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម ជំងឺក្រពះ និងពោះវៀន ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទូទៅ ព្រមទាំងការអប់រំសុខភាពជូនប្រជាពលរដ្ឋ។
កម្មវិធីពិនិត្យព្យាបាលនេះ បានប្រព្រឹត្តទៅដោយមានការសហការយ៉ាងល្អពីក្រុមការងារចុះមូលដ្ឋានឃុំរស្មីសាមគ្គី មណ្ឌលសុខភាព អាជ្ញាធរមូលដ្ឋាន និងយុវជនឃុំ ដែលបានចូលរួមសម្របសម្រួល និងគាំទ្រកម្មវិធីឲ្យដំណើរការបានដោយរលូន និងជោគជ័យ។
ដោយ៖ ហុក វិបុល


