រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញ និងសមត្ថកិច្ចចម្រុះ រកឃើញទំនិញមានប្រភពពីថៃជាង ២៦តោន
ដោយ៖ ហុក វិបុល
ភ្នំពេញ៖ ក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ សាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចចម្រុះ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌចំនួន៨ បានចុះត្រួតពិនិត្យទីតាំងស្តុក និងចែកចាយសាច់បង្កក ព្រមទាំងផលិតផលផ្សេងៗចំនួន៣១ទីតាំង នៅក្នុងរាជធានីភ្នំពេញ។
បើតាមអគ្គនាយកដ្ឋាន ក.ប.ប. ដែលបានបង្ហាញព័ត៌មាននាព្រលប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ប្រតិបត្តិការនេះត្រូវបានអនុវត្តនៅក្នុងខណ្ឌទួលគោក ខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌច្បារអំពៅ ខណ្ឌព្រែកព្នៅ ខណ្ឌដង្កោ និងខណ្ឌកំបូល។
ការត្រួតពិនិត្យផ្តោតសំខាន់លើការស្វែងរកសារធាតុគីមីហាមឃាត់ និងការអនុលោមតាមស្តង់ដារគុណភាពផលិតផលទំនិញ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃចំនួន ១១២មុខ សរុបទម្ងន់ជាង ២៣,២៤៥ គីឡូក្រាម ព្រមទាំងផ្លែឈើខូចគុណភាពចំនួន ២០៤កេស ស្មើនឹង ៣,២៦៤ គីឡូក្រាម។
សរុបទំនិញ និងផ្លែឈើដែលបានរកឃើញមានទម្ងន់ជាង ២៦តោន ខណៈផលិតផលមួយចំនួនត្រូវបានឃាត់ទុកជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធីស្របតាមច្បាប់។
អគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលកិច្ចសហការពីសាធារណជន និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្តឹងអំពីផលិតផលសង្ស័យ និងអំពើល្មើសពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ គ្រប់ពេលវេលា រួមទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក តាមរយៈកម្មវិធី CCF Complaint App ឬទូរស័ព្ទលេខ ១២៦៦៕

