អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់ និងលក់បន្តប្រហិតហតដករបស់ក្រុមហ៊ុន TSP
ដោយ៖ ហុក វិបុល
កណ្ដាល៖ តាមរយៈបណ្ដាញសង្គម នៅព្រលប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទិញផលិតផលប្រហិតហតដករបស់ក្រុមហ៊ុន TSP ហើយមិនទាន់ប្រើប្រាស់ សូមបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ និងបញ្ឈប់ការលក់បន្ត ដើម្បីការពារសុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ផលិតផលរបស់ក្រុមហ៊ុន TSP ត្រូវបានរកឃើញថា ពុំមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ដោយមានសកម្មភាពមួយចំនួនដែលអាចបង្កឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់សុខភាពសាធារណៈ។
តាមការលើកឡើង បានរកឃើញថា ក្រុមហ៊ុនមានការបកព័ត៌មានកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ចេញ ហើយដាក់កាលបរិច្ឆេទថ្មីជំនួសវិញ ព្រមទាំងមានការរក្សាទុកទំនិញមិនបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ដូចជាទូស្តុកមិនដំណើរការចរន្តអគ្គិសនី និងការទុកដាក់ផលិតផលខុសលក្ខណៈបច្ចេកទេស។
ជាមួយគ្នានេះ ក៏មានការសង្ស័យថា ទំនិញមួយចំនួនគ្មានប្រភពដើមច្បាស់លាស់ ដែលអាចបង្កហានិភ័យដល់សុខភាពអ្នកប្រើប្រាស់ផងដែរ។
អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការជ្រើសរើស និងប្រើប្រាស់ផលិតផលម្ហូបអាហារ ព្រមទាំងសហការជាមួយសមត្ថកិច្ច ក្នុងករណីប្រទះឃើញផលិតផលសង្ស័យ ឬមិនមានប្រភពច្បាស់លាស់ ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន៕

