ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញចែកបណ្ណសម្គាល់ម្ចាស់អចលនទ្រព្យជូនប្រជាពលរដ្ឋនៅឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញចែកបណ្ណសម្គាល់ម្ចាស់អចលនទ្រព្យជូនប្រជាពលរដ្ឋនៅឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ


ដោយ៖ លោក ហុក វិបុល
ខេត្តក្រចេះ៖ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីចែកបណ្ណសម្គាល់ម្ចាស់អចលនទ្រព្យ (បណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋនៅឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដោយបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
ការផ្តល់បណ្ណសម្គាល់ម្ចាស់អចលនទ្រព្យជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការបញ្ជាក់សិទ្ធិស្របច្បាប់លើដីធ្លី និងជាការធានាសុវត្ថិភាពក្នុងការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របតាមច្បាប់។ បណ្ណកម្មសិទ្ធិដីធ្លីមិនត្រឹមតែជាឯកសារផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានសំខាន់សម្រាប់ការលើកកម្ពស់ជីវភាពរស់នៅ ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងការវិនិយោគប្រកបដោយទំនុកចិត្ត។
ប្រជាពលរដ្ឋដែលបានទទួលបណ្ណកម្មសិទ្ធិដីធ្លី បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លី និងពន្លឿនការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដើម្បីធានាសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ការចែកបណ្ណកម្មសិទ្ធិនាពេលនេះ ត្រូវបានចាត់ទុកថាជាសមិទ្ធផលដ៏មានសារៈសំខាន់ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសន្តិសុខនៃការកាន់កាប់ដីធ្លី កាត់បន្ថយវិវាទ និងបង្កើនទំនុកចិត្តជូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ និងអភិវឌ្ឍអចលនទ្រព្យរបស់ខ្លួនប្រកបដោយភាពស្របច្បាប់ និងចីរភាព។
សកម្មភាពនេះក៏បានបង្ហាញពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងការគាំទ្រដ៏រឹងមាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍមូលដ្ឋាន និងរួមចំណែកកសាងសង្គមមួយដែលមានស្ថិរភាព វឌ្ឍនភាព និងនិរន្តរភាព។៕

Leave a Reply

Your email address will not be published. Required fields are marked *