ប្រជាពលរដ្ឋសង្កាត់ស្រះចក បង្ហើបពីទីតាំងសង្ស័យបង្កប់ល្បែងស៊ីសងអនឡាញ ក្នុងហាងកាហ្វេ ក្រោយវត្តដំដែក

ប្រជាពលរដ្ឋសង្កាត់ស្រះចក បង្ហើបពីទីតាំងសង្ស័យបង្កប់ល្បែងស៊ីសងអនឡាញ ក្នុងហាងកាហ្វេ ក្រោយវត្តដំដែក
(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ (តំបន់ខាងក្រោយវត្តដំដែក) បានបង្ហើបឱ្យដឹងថា មានទីតាំងសង្ស័យមួយចំនួន បង្កប់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ដែលត្រូវបានលាក់បាំងនៅក្នុងហាងកាហ្វេ ចំនួនប្រមាណ ៣ ទីតាំង និងមានមនុស្សចេញចូលជាញឹកញាប់។
យោងតាមប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឱ្យដឹងថា ទីតាំងសង្ស័យខាងលើ ត្រូវបានបើកដំណើរការយ៉ាងរំភើយ បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអាចប៉ះពាល់ដល់ការអនុវត្តគោលនយោបាយ «ភូមិ–សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។
ប្រភពដដែលបានបន្តថា ការមានមនុស្សប្រមូលផ្តុំ និងចេញចូលជាញឹកញាប់នៅទីតាំងទាំងនេះ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបារម្ភថា អាចនាំឱ្យកើតមានបញ្ហាសង្គមផ្សេងៗ ដូចជា អំពើចោរកម្ម ជម្លោះ ការប្រើប្រាស់គ្រឿងញៀន ឬភាពអសន្តិសុខក្នុងតំបន់ជុំវិញ។
ក្នុងន័យនេះ ប្រជាពលរដ្ឋសង្កាត់ស្រះចក បានសំណូមពរយ៉ាងទទូចទៅដល់ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មេត្តាចុះត្រួតពិនិត្យ ស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ប្រសិនបើរកឃើញថា មានការប្រព្រឹត្តល្មើសពិតប្រាកដ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្តី ក៏ប្រជាពលរដ្ឋនៅតែស្នើសុំឱ្យមានការត្រួតពិនិត្យជាបន្តបន្ទាប់ និងអនុវត្តវិធានការយ៉ាងតឹងរឹង ដើម្បីធានាបាននូវប្រសិទ្ធភាពជាក់ស្តែងនៅក្នុងមូលដ្ឋាន។
ជុំវិញករណីនេះ អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងបន្តរង់ចាំការបកស្រាយ និងការបំភ្លឺពីអាជ្ញាធរ និងភាគីពាក់ព័ន្ធគ្រប់ពេលវេលា ដើម្បីធានាថា ការផ្សព្វផ្សាយព័ត៌មាន ប្រព្រឹត្តទៅដោយគោរពវិជ្ជាជីវៈសារព័ត៌មាន និងស្របតាមច្បាប់ជាធរមាន៕ ដោយអ្នកសារព័ត៌មាន វឌ្ឍនា ម្ចាស់គហទំពរ៌ 0974216661 រងចាំផ្សាយបន្ត

Leave a Reply

Your email address will not be published. Required fields are marked *