ពលរដ្ឋសង្កាត់ស្រះចក បង្ហើបពីទីតាំងសង្ស័យបង្កប់ល្បែងអនឡាញ និងសកម្មភាពកត់មេកន្ទុយលេខ រំខានសណ្តាប់ធ្នាប់សាធារណៈ

ពលរដ្ឋសង្កាត់ស្រះចក បង្ហើបពីទីតាំងសង្ស័យបង្កប់ល្បែងអនឡាញ និងសកម្មភាពកត់មេកន្ទុយលេខ រំខានសណ្តាប់ធ្នាប់សាធារណៈ
(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាពិសេសតំបន់ខាងក្រោយវត្តដំដែក បានសម្តែងការព្រួយបារម្ភ និងរាយការណ៍មកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំថា បច្ចុប្បន្នមានទីតាំងសង្ស័យមួយចំនួន បង្កប់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ព្រមទាំងសកម្មភាពកត់មេកន្ទុយលេខ ដែលកំពុងកើតមានយ៉ាងរំភើយនៅក្នុងមូលដ្ឋាន។
សកម្មភាពសង្ស័យ និងការរំខានសណ្តាប់ធ្នាប់
តាមការបញ្ជាក់ពីប្រភពក្នុងមូលដ្ឋាន ទីតាំងសង្ស័យខាងលើ មានប្រមាណ ៣ កន្លែង ដែលជ្រកក្រោមស្លាកហាងកាហ្វេ និងមានមនុស្សចេញចូលជាញឹកញាប់។ ជាមួយគ្នានេះដែរ មានការកត់មេកន្ទុយលេខ ដែលបានប្រើប្រាស់តំបន់ចំណតរថយន្តតាក់ស៊ី និងផ្លូវសាធារណៈជាកន្លែងប្រព្រឹត្តសកម្មភាព បង្កឱ្យមានភាពអនាធិបតេយ្យ និងរំខានដល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងច្បាស់។
កង្វល់ចំពោះគោលនយោបាយ «ភូមិ–សង្កាត់មានសុវត្ថិភាព»
ប្រជាពលរដ្ឋបានលើកឡើងថា ការបណ្តែតបណ្តោយឱ្យមានសកម្មភាពល្បែងស៊ីសងបែបនេះ អាចប៉ះពាល់ដល់ការអនុវត្តគោលនយោបាយ «ភូមិ–សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។ ពួកគាត់ព្រួយបារម្ភថា ទីតាំងទាំងនេះអាចនាំឱ្យកើតមានបញ្ហាសង្គមផ្សេងៗ ដូចជា អំពើចោរកម្ម ជម្លោះអំពើហិង្សា និងការប្រើប្រាស់គ្រឿងញៀន ដែលបង្កហានិភ័យដល់សុវត្ថិភាព និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
សំណូមពរទៅកាន់អាជ្ញាធរមូលដ្ឋាន
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋសង្កាត់ស្រះចក បានសំណូមពរយ៉ាងទទូចដល់ លោកចៅសង្កាត់ និងលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក មេត្តាចាត់កម្លាំងចុះត្រួតពិនិត្យ ស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ឱ្យទាន់ពេលវេលា ប្រសិនបើរកឃើញថា មានការប្រព្រឹត្តល្មើសពិតប្រាកដ។
ការស្នើសុំនេះ គឺដើម្បីគាំទ្រដល់ការអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំឱ្យបន្តបង្ក្រាប និងលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋាន។
ជុំវិញករណីនេះ អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងបន្តតាមដាន និងរង់ចាំការបកស្រាយ ឬការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីជម្រាបជូនសាធារណជនឱ្យបានជ្រាបជាបន្តបន្ទាប់ ស្របតាមវិជ្ជាជីវៈសារព័ត៌មាន និងបទប្បញ្ញត្តិច្បាប់ជាធរមាន៕ដោយ ហុក វិបុល 0974216661

Leave a Reply

Your email address will not be published. Required fields are marked *