ពលរដ្ឋនៅខណ្ឌសែនសុខ បង្ហើបពីទីតាំងបង្កប់ល្បែងស៊ីសងអនឡាញក្នុងហាងកាហ្វេមួយកន្លែង បើកលេងយ៉ាងរំភើយមិនក្រែងញញើតច្បាប់
(ភ្នំពេញ)៖ បើទោះបីជាមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទយ៉ាងណាក៏ដោយ ក៏ទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញមួយកន្លែង ស្ថិតក្នុងខណ្ឌសែនសុខ នៅតែបន្តបើកដំណើរការយ៉ាងរំភើយ ហាក់មិនក្រែងចិត្តមន្ត្រីមូលដ្ឋានឡើយ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងល្បែងស៊ីសងអនឡាញនេះ ត្រូវបានម្ចាស់លួចលាក់បង្កប់នៅក្នុង ហាងកាហ្វេមួយកន្លែង ដែលមានទីតាំងស្ថិតនៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (នៅខាងក្រោយមន្ទីរពេទ្យសែនសុខ ចម្ងាយប្រមាណ ៤០០ ម៉ែត្រ)។
ប្រភពដដែលបានបន្តថា ទីតាំងនេះមានមនុស្សចេញចូលលេងយ៉ាងអ៊ូអរ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ជាពិសេសខ្លាចកើតមាននូវអំពើចោរកម្មផ្សេងៗ។ ការបើកលេងដោយចំហបែបនេះ បានធ្វើឱ្យមហាជនដាក់ការសង្ស័យថា តើអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានពិតជាមិនដឹង ឬមួយក៏មានភាពធូរលុងក្នុងការអនុវត្តច្បាប់?
ឆ្លើយតបនឹងបញ្ហានេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានធ្វើការ សំណូមពរយ៉ាងទទូច ទៅដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកអភិបាលខណ្ឌសែនសុខ និងលោកអធិការនគរបាលខណ្ឌ មេត្តាចុះត្រួតពិនិត្យ បង្ក្រាប និងមានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីធានាបាននូវគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។
ជុំវិញករណីនេះ អង្គភាពយើងនឹងបន្តរង់ចាំការបកស្រាយពីភាគីពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ពេលវេលា ដើម្បីឱ្យស្របតាមវិជ្ជាជីវៈសារព័ត៌មាន៕0974216661

