ឯកឧត្តម នេត្រ ភក្ត្រា៖ ស្មារតីសំខាន់បំផុតរបស់កាកបាទក្រហម គឺការជួយមនុស្សដោយគ្មានការរើសអើង
(ក្រចេះ) ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានថ្លែងថា ស្មារតីដ៏សំខាន់បំផុតរបស់កាកបាទក្រហម គឺការជួយសង្គ្រោះមនុស្សដោយគ្មានការរើសអើង ព្រោះ «កាកបាទក្រហមជួយមនុស្ស ព្រោះគាត់ជាមនុស្ស»។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ និងខួប៧១ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដែលប្រារព្ធធ្វើនៅសាលមហោស្រពខេត្តក្រចេះ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា កាកបាទក្រហមមិនសួរថា អ្នករងគ្រោះមាននិន្នាការនយោបាយបែបណា គាំទ្រអ្នកណា មានសាសនា ជាតិសាសន៍ ឬជីវភាពដូចម្តេចនោះទេ។ អ្វីដែលកាកបាទក្រហមមើលឃើញមុនគេ គឺទុក្ខលំបាករបស់មនុស្ស និងអ្វីដែលត្រូវធ្វើមុនគេ គឺជួយសម្រាលទុក្ខលំបាកនោះដោយស្មារតីមនុស្សធម៌។
ឯកឧត្តមបានបញ្ជាក់ថា នៅពេលមានគ្រោះមហន្តរាយ ប្រជាពលរដ្ឋរងគ្រោះមិនត្រូវការការបែងចែក ឬការសួរនាំអំពីនិន្នាការផ្សេងៗឡើយ ប៉ុន្តែពួកគេត្រូវការជំនួយ និងដៃមេត្តាដែលលាតសន្ធឹងទៅជួយទាន់ពេលវេលា។ ដូចគ្នានេះដែរ ជនចាស់ជរា ជនពិការ កុមារកំព្រា និងអ្នកខ្វះខាត ត្រូវការសង្គមមួយដែលមិនបោះបង់ពួកគេចោល។
ក្នុងន័យនេះ ឯកឧត្តមបានអំពាវនាវឱ្យកាកបាទក្រហមកម្ពុជា បន្តរក្សា និងពង្រឹងគោលការណ៍មនុស្សធម៌ដ៏ថ្លៃថ្នូរនេះ ដោយធានាថា ជំនួយមនុស្សធម៌ត្រូវទៅដល់អ្នកដែលត្រូវការពិតប្រាកដ ប្រកបដោយស្មារតីស្មើភាព មេត្តាករុណា និងគ្មានការប្រកាន់និន្នាការណាមួយឡើយ។
ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ការងារមនុស្សធម៌នៅខេត្តក្រចេះ ត្រូវបន្តអនុវត្តលើគោលការណ៍ជួយអ្នកដែលត្រូវការជំនួយដោយគ្មានការរើសអើង និងផ្អែកលើតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបានបន្ថែមថា គោលការណ៍មនុស្សធម៌នេះ គឺជាមូលដ្ឋានសំខាន់ដែលធ្វើឱ្យសង្គមមានសេចក្តីថ្លៃថ្នូរ និងធ្វើឱ្យប្រជាពលរដ្ឋមានជំនឿថា នៅពេលពួកគេជួបទុក្ខលំបាក សង្គមនឹងមិនបោះបង់ពួកគេចោលឡើយ៕
ដោយ ហុក វិបុល 0974216661

