សម្តេចតេជោ ហ៊ុន សែន កោតសរសើរឯកឧត្តម សាយ សំអាល់ ចំពោះការពន្លឿនសេវាធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ
(កំពត) ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦៖ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពត និងខេត្តកែប សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះការដាក់ចេញសេវាលឿនរហ័សក្នុងការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។
សម្តេចតេជោ បានចាត់ទុកការពន្លឿនសេវានេះថា ជាការឆ្លើយតបដ៏មានប្រសិទ្ធភាពចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដោយជួយកាត់បន្ថយការរង់ចាំ និងបញ្ចៀសភាពថ្នាំងថ្នាក់ផ្សេងៗដែលអាចកើតមានក្នុងដំណើរការបំពេញបែបបទរដ្ឋបាល។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានផ្ដល់យោបល់ឱ្យក្រសួងពាក់ព័ន្ធ ពិចារណាដាក់សេវាធ្វើបណ្ណកម្មសិទ្ធិដីធ្លីនេះ ជា «សេវាចាំបាច់» ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈកាន់តែងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាព ។

