ទេសរដ្ឋមន្ដ្រី អ៊ី ឈាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតំបន់ព្រំដែន ជាយុទ្ធសាស្ត្រយូរអង្វែង បម្រើប្រយោជន៍ជាតិ និងប្រជាជន

ទេសរដ្ឋមន្ដ្រី អ៊ី ឈាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតំបន់ព្រំដែន ជាយុទ្ធសាស្ត្រយូរអង្វែង បម្រើប្រយោជន៍ជាតិ និងប្រជាជន
ថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦
ខេត្តប៉ៃលិន៖ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់សោភ័ណភាព នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លោក អ៊ី ឈាន បានថ្លែងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែន គឺជាយុទ្ធសាស្ត្រសំខាន់ និងយូរអង្វែង ដើម្បីបម្រើផលប្រយោជន៍សាធារណៈ សម្រាប់ជាតិ និងប្រជាជន ជាពិសេសការលើកកម្ពស់ជីវភាព និងការប្រកបរបររបស់ប្រជាពលរដ្ឋនៅតំបន់នោះ។
ក្នុងដំណើរចុះពិនិត្យនេះ ក៏មានការចូលរួមពីលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបផងដែរ។
ទេសរដ្ឋមន្ត្រី អ៊ី ឈាន បានបញ្ជាក់ថា ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការស្ថាបនាផ្លូវ ការដាំដើមឈើលម្អ និងការកែលម្អបរិស្ថានជុំវិញច្រកទ្វារ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីមុខមាត់ និងកិត្យានុភាពរបស់ជាតិ នៅមាត់ច្រកទ្វារអន្តរជាតិដែលតភ្ជាប់ជាមួយប្រទេសជិតខាងផងដែរ។
លោកបានបន្ថែមថា ការរៀបចំឱ្យតំបន់ព្រំដែនមានសោភ័ណភាពស្អាតស្រស់ និងសណ្តាប់ធ្នាប់ល្អ អាចក្លាយជាចំណុចទាក់ទាញសំខាន់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ បរិយាកាសល្អ និងភាពស្អាតនៃតំបន់ នឹងជំរុញឱ្យអ្នកដំណើរមិនត្រឹមតែឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែអាចឈប់សម្រាក កម្សាន្ត និងទស្សនាទេសភាពផងដែរ។
ជាមួយគ្នានេះ លោកបានលើកឡើងថា ការកើនឡើងនៃលំហូរទេសចរណ៍តាមច្រកទ្វារព្រំដែន នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើន ដូចជា៖
ជំរុញសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើនចំណូលពីសកម្មភាពពាណិជ្ជកម្ម អាហារ សេវាកម្មស្នាក់នៅ និងផលិតផលកសិកម្មក្នុងស្រុក ដូចជា ធុរេន មៀនប៉ៃលិន និងផលិតផលផ្សេងៗ។
បង្កើតឱកាសការងារ សម្រាប់យុវជនក្នុងតំបន់ តាមរយៈវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។
ពង្រឹងទំនាក់ទំនងអន្តរជាតិ តាមរយៈការផ្លាស់ប្តូរវប្បធម៌ និងសហប្រតិបត្តិការ រវាងប្រជាជននៃប្រទេសជិតខាង។
ទន្ទឹមនឹងនេះ ទេសរដ្ឋមន្ត្រីក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេស អនុវត្តការងារឱ្យបានម៉ត់ចត់ មានគុណភាពខ្ពស់ និងគោរពតាមស្តង់ដារបច្ចេកទេស ដើម្បីធានាបាននូវប្រសិទ្ធភាព និងចីរភាពក្នុងរយៈពេលវែង។
គួរបញ្ជាក់ថា ការចុះពិនិត្យរបស់ថ្នាក់ដឹកនាំលើកនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបំលែងតំបន់ព្រំដែនខេត្តប៉ៃលិន ឱ្យក្លាយជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់៕

Leave a Reply

Your email address will not be published. Required fields are marked *