ឯកឧត្តម ផុស សុវណ្ណ ស្នើអ្នកសារព័ត៌មានទាំងអស់ បន្តអនុវត្តតួនាទីវិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពតាមគោលការណ៍សំខាន់ៗក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន

ឯកឧត្តម ផុស សុវណ្ណ ស្នើអ្នកសារព័ត៌មានទាំងអស់ បន្តអនុវត្តតួនាទីវិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពតាមគោលការណ៍សំខាន់ៗក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន
ភ្នំពេញ÷ ថ្លែងនៅក្នុងវេទិកាសារព័ត៌មាន នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានស្នើឱ្យអ្នកសារព័ត៌មានទាំងអស់ បន្តអនុវត្តតួនាទីវិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពតាមគោលការណ៍សំខាន់ៗក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន។

ឯកឧត្តម ផុស សុវណ្ណ បានផ្តល់នូវយុទ្ធសាស្ត្រជាគន្លឹះសំខាន់ៗចំនួន៤ចំណុច ដើម្បីជាការតម្រង់ទិសដល់អ្នកសារព័ត៌មាន រក្សាបាននូវសណ្តាប់ធ្នាប់ព័ត៌មាន និងការផ្តល់ចំណេះដឹងពិតប្រាកដដល់សាធារណជន ឱ្យក្លាយជា «កញ្ចក់ឆ្លុះសង្គម» និងប្រកបដោយគុណតម្លៃ ការទទួលខុសត្រូវខ្ពស់រួមមាន÷

– រាល់ការផលិត និងការផ្សព្វផ្សាយត្រូវស្ថិតក្រោមក្របខណ្ឌច្បាប់ ដើម្បីការពារសិទ្ធិបុគ្គល និងសេចក្តីថ្លៃថ្នូរក្នុងសង្គម។
– អ្នកសារព័ត៌មានត្រូវមានសុចរិតភាព មិនត្រូវបំភ័ន្តការពិត ឬប្រើប្រាស់អាជីពក្នុងផ្លូវខុសដែលប៉ះពាល់ដល់តម្លៃសង្គម។
– ត្រូវមានជំនាញច្បាស់លាស់ក្នុងការស្រាវជ្រាវ ការផ្ទៀងផ្ទាត់ប្រភព និងការវិភាគព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិត្តបញ្ចេញទៅកាន់មហាជន។
– ភាពស្មោះត្រង់ គឺជាបេះដូងនៃសារព័ត៌មាន។ ការរាយការណ៍ដោយតុល្យភាព និងយុត្តិធម៌ គឺជាគន្លឹះក្នុងការកសាងទំនុកចិត្តពីសាធារណជន។

ឯកឧត្តមអគ្គនាយក បានលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ កុំបញ្ឈប់ការរៀនសូត្រ ព្រោះនៅក្នុងយុគសម័យឌីជីថល ការអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យា និងគុណភាពនៃការសរសេរ គឺជាអាវុធដ៏មានសារៈសំខាន់បំផុត ដើម្បីចូលរួមលើកកម្ពស់វិស័យព័ត៌មាននៅកម្ពុជា ឱ្យមានភាពរីកចម្រើន និងបម្រើផលប្រយោជន៍ជាតិមាតុភូមិដោយស្មោះត្រង់៕ប្រភព ភ្នំពេញដេលី

Leave a Reply

Your email address will not be published. Required fields are marked *