ក្លិបអ្នកកាសែតកម្ពុជា និង CADT រៀបចំវេទិកាពិភាក្សា អំពីឥទ្ធិពល AI និងក្រមសីលធម៌ក្នុងវិស័យសារព័ត៌មាន
ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (CCJ) សហការជាមួយវិទ្យាស្ថានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានរៀបចំវេទិកាពិភាក្សាមួយ ស្តីពី «ឥទ្ធិពលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងក្រមសីលធម៌ក្នុងវិស័យសារព័ត៌មាន» នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច រាជធានីភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពី លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និង លោកបណ្ឌិត សេង សុភាព ប្រធាន CADT ព្រមទាំងវាគ្មិនជំនាញជាច្រើនរូប។
វេទិកាពិភាក្សាក្រោមប្រធានបទ «ការប្រើប្រាស់ AI ជាប្រយោជន៍ក្នុងការងារសារព័ត៌មាន» មានវាគ្មិនចូលរួមរួមមាន លោកបណ្ឌិត សេង សុភាព, លោកស្រី ង៉ូវ សុភ័ណ្ណារឿន អភិបាលសារព័ត៌មានកោះសន្តិភាព និង លោក ហេង សុវណ្ណ ប្រធាននាយកដ្ឋានព័ត៌មាន AMS ខណៈការសម្របសម្រួលដោយ កញ្ញា គុជ ណារ៉ែន និពន្ធនាយកកោះសន្តិភាពឌីជីថល។
ក្នុងយុគសម័យឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស បច្ចេកវិទ្យា «បញ្ញាសិប្បនិម្មិត» ឬ AI ក្លាយជាប្រធានបទសំខាន់មួយ ដែលមានឥទ្ធិពលខ្លាំងលើវិស័យសារព័ត៌មាន និងវិស័យធុរកិច្ច។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកាពិភាក្សាក្រោមប្រធានបទ «AI ក្រមសីលធម៌ និងវិជ្ជាជីវៈ៖ តើយើងត្រូវដើរទៅមុខដោយរបៀបណា?»។
វាគ្មិនបានលើកឡើងថា ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល មិនត្រឹមតែផ្តល់ភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែបង្កើតបញ្ហាប្រឈមថ្មីៗដល់វិស័យសារព័ត៌មាន ដូចជា ការធានាតម្លាភាព ភាពត្រឹមត្រូវ និងការគោរពក្រមសីលធម៌ ក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ជាពិសេសនៅពេលមានការប្រើប្រាស់ AI។
ជាមួយគ្នានេះ វេទិកានេះមានគោលបំណងបើកវេទិកាឲ្យអ្នកជំនាញ និងអ្នកសារព័ត៌មាន បានពិភាក្សាផ្លាស់ប្តូរយោបល់អំពីស្ថានភាពវិស័យសារព័ត៌មានក្នុងយុគសម័យឌីជីថល តួនាទីអ្នកសារព័ត៌មានក្នុងការសម្របខ្លួនជាមួយបច្ចេកវិទ្យា និងការកំណត់ព្រំដែននៃការប្រើប្រាស់ AI ឲ្យមានប្រយោជន៍ដល់សង្គម ដោយមិនប៉ះពាល់ដល់តម្លៃមនុស្សជាតិ៕



