ច្រកទ្វេភាគីព្រំដែនសំរោង រងការលើកឡើងពីសកម្មភាពដឹកជញ្ជូនទំនិញសង្ស័យគេចពន្ធ អាជ្ញាធរត្រូវបានស្នើឱ្យស្រាវជ្រាវបញ្ជាក់

ច្រកទ្វេភាគីព្រំដែនសំរោង រងការលើកឡើងពីសកម្មភាពដឹកជញ្ជូនទំនិញសង្ស័យគេចពន្ធ អាជ្ញាធរត្រូវបានស្នើឱ្យស្រាវជ្រាវបញ្ជាក់
ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋមួយចំនួននៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង បានលើកឡើងពីការព្រួយបារម្ភពាក់ព័ន្ធនឹងសកម្មភាពដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកទ្វេភាគីព្រំដែនសំរោង ដោយអះអាងថា មានរថយន្តធុនធំដឹកទំនិញចេញ-ចូលជាបន្តបន្ទាប់ ហើយមានការសង្ស័យថា ទំនិញខ្លះអាចពាក់ព័ន្ធនឹងការគេចពន្ធ ឬបង់ពន្ធមិនគ្រប់តាមនីតិវិធី។
តាមការលើកឡើងរបស់ប្រជាពលរដ្ឋ រថយន្តដឹកទំនិញធុនធំជាច្រើនគ្រឿង បានធ្វើចរាចរណ៍ឆ្លងកាត់តំបន់នេះជាប្រចាំ ដែលបង្កឱ្យផ្លូវមួយចំនួនក្នុងមូលដ្ឋានរងការខូចខាត។ ប្រភពដដែលបានស្នើឱ្យសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ ពង្រឹងការត្រួតពិនិត្យឱ្យបានតឹងរ៉ឹងជាងមុន ដើម្បីធានាថាការនាំចូល និងនាំចេញទំនិញប្រព្រឹត្តទៅស្របតាមច្បាប់។
ប្រជាពលរដ្ឋខ្លះបានអះអាងថា មានក្រុមឈ្មួញមួយចំនួនប្រើប្រាស់រថយន្តដឹកទំនិញចូលមកកម្ពុជា ហើយមានការផ្ទេរទំនិញទៅលើរថយន្តក្នុងស្រុក ដើម្បីដឹកចែកចាយបន្តទៅកាន់ទីផ្សារផ្សេងៗ។ ទោះជាយ៉ាងណា ការអះអាងទាំងនេះនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចនៅឡើយទេ។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋបានអំពាវនាវដល់ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តស្វាយរៀង និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឱ្យចាត់មន្ត្រីជំនាញចុះពិនិត្យ ស្រាវជ្រាវ និងបញ្ជាក់ការពិត ដើម្បីធានាការអនុវត្តច្បាប់ឱ្យមានតម្លាភាព និងទប់ស្កាត់រាល់សកម្មភាពខុសច្បាប់ ប្រសិនបើមានកើតឡើងពិតប្រាកដ។
កំណត់សម្គាល់៖ អត្ថបទនេះផ្អែកលើការលើកឡើង និងការសង្ស័យពីប្រជាពលរដ្ឋ។ ភាគីពាក់ព័ន្ធដែលត្រូវបានរៀបរាប់ មានសិទ្ធិបកស្រាយ ឬបំភ្លឺ ដើម្បីធានាតុល្យភាពព័ត៌មាន និងគោរពតាមវិជ្ជាជីវៈសារព័ត៌មាន។

Oplus_131072
Oplus_131072
Oplus_131072

Oplus_131072
Oplus_131072

Leave a Reply

Your email address will not be published. Required fields are marked *