អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈជុំវិញផ្សារគគីរ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាព
(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារ បន្តចុះត្រួតពិនិត្យ និងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមដងផ្លូវជុំវិញបរិវេណផ្សារគគីរ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានគោលបំណងពង្រឹងសណ្តាប់ធ្នាប់ និងលើកកម្ពស់សោភ័ណភាពបរិស្ថានឱ្យកាន់តែប្រសើរ។
ក្នុងឱកាសនោះ ឯកឧត្តម ណុប ដារ៉ា បានមានប្រសាសន៍ថា ការចុះរៀបចំសណ្តាប់ធ្នាប់នេះ មានគោលដៅកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍នៅតំបន់ផ្សារ ដែលកើតឡើងដោយសារការចតយានយន្តមិនមានរបៀប និងការលក់ដូររំលោភលើចិញ្ចើមផ្លូវ។ ជាមួយគ្នានេះ អាជ្ញាធរបានជំរុញឱ្យអាជីវករ និងប្រជាពលរដ្ឋ ប្រុងប្រយ័ត្នក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាអនាម័យ និងបរិស្ថានសាធារណៈ។
ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់ខាងលើ បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះវិធានការរបស់អាជ្ញាធរ ព្រោះការរៀបចំសណ្តាប់ធ្នាប់នេះ មិនត្រឹមតែធ្វើឱ្យផ្លូវមានភាពទូលាយ និងងាយស្រួលធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឱ្យសកម្មភាពពាណិជ្ជកម្មមានរបៀបរៀបរយជាងមុនផងដែរ។
ជាមួយនេះដែរ អាជ្ញាធរបានណែនាំឱ្យអាជីវករដែលលក់ដូរលើចិញ្ចើមផ្លូវ ឬដាក់តាំងទំនិញលើផ្លូវសាធារណៈ ត្រូវរុះរើឱ្យបានទាន់ពេលវេលា ដើម្បីជៀសវាងការរំខានដល់អ្នកថ្មើរជើង និងយានយន្ត។ ជាពិសេស ស្លាកយីហោ ឬសម្ភារៈផ្សេងៗដែលលយចូលមកលើចំណីផ្លូវ ត្រូវបានតម្រូវឱ្យរុះរើជាបន្ទាន់ ដោយគ្មានការលើកលែង។
អាជ្ញាធរខេត្តកណ្តាល ក៏បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមសហការជាមួយអាជ្ញាធរ ដោយគោរពតាមវិធានការដែលបានកំណត់ និងមិនត្រូវត្រឡប់មកលក់ដូររំលោភលើចិញ្ចើមផ្លូវឡើងវិញ បន្ទាប់ពីសមត្ថកិច្ចចាកចេញ។ អាជ្ញាធរនឹងបន្តតាមដាន និងអនុវត្តវិធានការជាប្រចាំ ដើម្បីធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការរៀបចំសណ្តាប់ធ្នាប់សាធារណៈ។
សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលអាជ្ញាធរខេត្តកណ្តាល បានចុះអនុវត្តការរៀបចំសណ្តាប់ធ្នាប់នៅតំបន់ផ្សារគគីរ ដើម្បីធានាឱ្យមានភាពរឹងមាំ និងប្រសើរឡើងជាបន្តបន្ទាប់៕
ដោយ៖ ហុក វិបុល

