បែកធ្លាយទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំ មេការគ្រប់គ្រងនៅក្រុងបានលុង ខេត្តរតនគិរី បើកលេងគគ្រឹកគគ្រេង
ខេត្តរតនគិរី៖ ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មានទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំមួយ ស្ថិតនៅ ភូមិជ្រៃ សង្កាត់យក្យឡោម ក្រុងបានលុង ខេត្តរតនគិរី កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ដោយមិនញញើតច្បាប់ និងមិនខ្លាចអាជ្ញាធរមូលដ្ឋានឡើយ។ សកម្មភាពនេះត្រូវបានអះអាងថា បានចាប់ផ្តើមបើកដំណើរការតាំងពីថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៦ មក។
តាមប្រភពដដែលបានបញ្ជាក់ថា ទីតាំងល្បែងស៊ីសងនេះ ត្រូវបានរៀបចំឡើងដោយក្រុមបុគ្គលមួយចំនួន ក្នុងនោះមាន ឧកញ៉ា ឡ សុណា ជាអ្នកនៅពីក្រោយការរៀបចំ ដោយសហការជាមួយដៃគូឈ្មោះ ងួន សុវណ្ណ ហៅ អូនធំ ខណៈបុគ្គលម្នាក់ទៀតឈ្មោះ ម៉ៅ សារ៉ាត់ ត្រូវបានគេអះអាងថា ជា មេការសំខាន់ និងជាអ្នកគ្រប់គ្រងប្រតិបត្តិការល្បែងស៊ីសងទាំងមូល នៅទីតាំងខាងលើ។
ប្រភពបានបន្តថា នៅទីតាំងនេះ មានការរៀបចំល្បែងស៊ីសងជាច្រើនប្រភេទ ដូចជា យូគី អាប៉ោង និងជល់មាន់ ដែលកំពុងទាក់ទាញអ្នកលេងចូលចេញយ៉ាងច្រើនរៀងរាល់ថ្ងៃ។ សកម្មភាពទាំងនេះបានបង្កឱ្យប្រជាពលរដ្ឋរស់នៅជិតតំបន់នោះ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។
អ្វីដែលធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍នោះ គឺទីតាំងល្បែងនេះត្រូវបានបើកដំណើរការយ៉ាងចំហរ ហាក់ដូចជាមិនមានការទប់ស្កាត់ពីសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានឡើយ។ ប្រជាពលរដ្ឋ និងមហាជនបានលើកជាសំណួរថា តើមាន អ្នកមានអំណាច ឬខ្សែការពារណាមួយនៅពីក្រោយ ឬយ៉ាងណា ទើបទីតាំងល្បែងស៊ីសងខុសច្បាប់នេះអាចបើកដំណើរការបានយ៉ាងរលូនបែបនេះ។
ប្រជាពលរដ្ឋសូមអំពាវនាវដល់ អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ពិសេសអាជ្ញាធរខេត្តរតនគិរី មេត្តាចុះពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់ និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះ ដើម្បីរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
បច្ចុប្បន្ន សារព័ត៌មានយើង មិនទាន់អាចសុំការបំភ្លឺពីភាគីពាក់ព័ន្ធបាននៅឡើយទេ។ ប្រសិនបើមានការបំភ្លឺណាមួយ សារព័ត៌មានយើងនឹងធ្វើការចុះផ្សាយជាបន្តបន្ទាប់។
📞 ព័ត៌មានទំនាក់ទំនង៖ 097 421 6661




