ទីតាំងល្បែងស៊ីសងខុសច្បាប់ ទ្រង់ទ្រាយធំ នៅកណ្តាល ក្រុងបានលុង លោកចៅហ្វាយខេត្តរតនគិរី ញ៉ែម សំអឿន បានបញ្ជាក់ប្រាប់(សាន់ដេ)ថា លោកបានបញ្ជាឲ្យអាជ្ញាធរក្រុងបានលុង ដើម្បីចុះទៅបង្ក្រាបកាលពីម្សិលមិញហើយ
ខេត្តរតនគិរី៖ អាជ្ញាធរក្រុងបានលុងប្រកាសថា បានបង្ក្រាបហើយ ទីតាំងល្បែងស៊ីសងខុសច្បាប់ ជាច្រើនប្រភេទដែលបង្កការភ្ញាក់ផ្អើលដល់មហាជនទូទៅ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ស្របពេលដែលលោកចៅហ្វាយខេត្តរតនគិរីបាន បញ្ជាក់ថា លោកបានដាស់តឿនឲ្យអាជ្ញាធរក្រុងបានលុង ឲ្យបង្ក្រាប កាលពីម្សិលមិញថ្ងៃទី០៥ខែមិនាឆ្នាំ២០២៦ ។ចំណែកឯ លោក ធូ ឃឿ អភិបាលក្រុងបានលុង បានប្រាប់អ្នកកាសែត តាមប្រព័ន្ធTelegram នៅព្រឹកថ្ងៃទី ០៦ ខែមីនានេះថា “បានបង្ក្រាបហើយ” ដោយលោកជាប់រវល់ប្រជុំ មិនបានប្រាប់អំពីលទ្ធផលនោះឡើយ។ ចំណែក លោកមេប៉ូលិស ក្រុងបានលុង ហួត បូរី បានចូលមើលសាររបស់អ្នកកាសែត លើប្រព័ន្ធTelegram ហើយ តែមិនឆ្លើយតបនោះទេ។
ទាក់ទិន និងបទល្មើសល្បែងស៊ីសង ខុសច្បាប់ខាងលើនេះលោកញ៉ែម សំអឿន ចៅហ្វាយខេត្តរតនគិរី បានប្រាប់(សាន់ដេ) តាមទូរស័ព្ទ នៅព្រឹក ថ្ងៃទី០៦ខែមីនា ឆ្នាំ២០២៦នេះដែរថា លោកបានបញ្ជាឲ្យអាជ្ញាធរក្រុងបានលុង ដើម្បីចុះទៅបង្ក្រាបកាលពីម្សិលមិញ ថ្ងៃទី០៥ខែមិនាឆ្នាំ២០២៦ ម្ដងរួចមកហើយ និងបានប្រាប់ព្រឹកនេះទៀតថ្ងៃទី០៦ខែមិនាឆ្នាំ២០២៦ ឲ្យចុះទៅបង្ក្រាប ពីព្រោះលោក”មិនចូលចិត្ត”បញ្ហាល្បែង ស៊ីសងនេះដែរ។ លោកចៅហ្វាយខេត្តរតនគិរី បានមានប្រសាសន៍បន្ថែមទៀតដែរថា “កោតតែគេហ៊ានហ្ន៎!” ។
ប្រភពខ្សឹបខ្សៀវ ពីប្រជាពលរដ្ឋ នៅក្នុងក្រុងបានលុង ខេត្តរតនគិរី បាននិយាយតៗគ្នាថា ម្ចាស់វង់ល្បែងស៊ីសងខុសច្បាប់ខាងលើ បានដាក់ទុនវិនិយោគ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដូច្នេះហើយប្រហែលជាមិនអាចបញ្ចប់ ឬបញ្ឈប់សកម្មភាពដោយងាយៗនោះទេ។ ប៉ុន្តែគេទទួលស្គាល់ថា ទីតាំងដែលបានបើកដំណើរការរយៈពេល២ថ្ងៃកន្លងមក ហើយទាក់ទាញបានអតិថិជនរាប់រយនាក់ មកលេងកម្សាន្តស្រែកហ៊ោរ កញ្ជ្រៀវអឺងកង ពេញព្រៃភ្នំនោះបានបិទទៅហើយ។
គួរបញ្ជាក់ថា ទីតាំងល្បែងស៊ីសងច្រើនប្រភេទខុសច្បាប់ទ្រង់ទ្រាយធំ១កន្លែង ស្ថិតក្នុងភូមិជ្រៃ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី បើកដំណើរការយ៉ាងគគ្រឹកគគ្រេង ដែលករណីនេះបង្កឱ្យមានការរិះគន់ និងព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ វង់ល្បែងនេះបានចាប់ផ្តើមដំណើរការយ៉ាងចំហចាប់តាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ។ ប្រភពដដែលបានបញ្ជាក់ថា សកម្មភាពល្បែងស៊ីសូមខុសច្បាប់ខាងលើនេះ មានច្រើនប្រភេទ រួមមាន៖ យូគី អាប៉ោង និងល្បែងជល់មាន់ ជាដើម ដែលទាក់ទាញមនុស្សឱ្យចូលមក លេងយ៉ាងច្រើនកុះករ ។
ប្រភពព័ត៌មានបានដាក់ការសង្ស័យ និងលើកឡើងចំៗទៅលើបុគ្គលមួយចំនួន ដែលជាអ្នកនៅពីក្រោយ និងគ្រប់គ្រងទីតាំងនេះ រួមមានឈ្មោះ សុវណ្ណា (ហៅអូនធំ) និងឈ្មោះ មេសា ដែលត្រូវបានគេអះអាងថា ជាអ្នកចាត់ចែងផ្ទាល់នៅទីតាំង។ លើសពីនេះ ក៏មានការលើកឡើងពីការពាក់ព័ន្ធរបស់បុគ្គលមានងារជាឧកញ៉ាម្នាក់ផងដែរ។ ក្រុមអ្នកញៀនល្បែងស៊ីសងខាងលើបានប្រាប់តៗគ្នាថា មេវង់ ល្បែង សូមឱ្យស្ងាត់ស្ងៀម ពីព្រោះគេកំពុងរៀបចំទីតាំងថ្មីដែលរំពឹងថា នឹងដំណើរការនៅក្នុងពេលឆាប់ៗ។ ដូច្នេះមានន័យថា ថៅកែវង់ល្បែងនេះ មិនលះបង់គំនិតនោះទេ បន្ទាប់ពីបានបោះទុនវិនិយោគ ក្នុងការរៀបផែនការបង្កើតវង់ល្បែងស៊ីសងខុសច្បាប់ នៅក្រុងបានលុងនេះ៕

