លោកជំទាវបណ្ឌិត បាន ស្រីមុំ ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនប៊ីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងសិក្សាឈ្វេងយល់អំពីសក្តានុពល និងស្ថានភាពទូទៅរបស់ខេត្តប៉ៃលិន ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង រវាងរដ្ឋបាលខេត្តប៉ៃលិន និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាប្រជាជនចិន និងប្រជាជនកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម វ៉ាង វិនប៊ីន និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។ លោកជំទាវបណ្ឌិតក៏បានជម្រាបជូនអំពីស្ថានភាពភូមិសាស្ត្រ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្ថានភាពសេដ្ឋកិច្ច សន្តិសុខសង្គម និងសក្តានុពលសំខាន់ៗរបស់ខេត្តប៉ៃលិនផងដែរ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជា និងចិន គឺជាមិត្តភាពប្រវត្តិសាស្ត្រដ៏ជិតស្និទ្ធ មានការគាំទ្រគ្នាទៅវិញទៅមក និងមានការជឿទុកចិត្តខ្ពស់។ តាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានធ្វើឱ្យចំណងមិត្តភាពនេះក្លាយជាមិត្តភាពដែកថែប ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។
លោកជំទាវបណ្ឌិតក៏បានលើកឡើងថា ក្នុងរយៈពេលកន្លងមក រដ្ឋាភិបាល និងប្រជាជនចិន បានផ្តល់ការគាំទ្រ និងជំនួយដល់ខេត្តប៉ៃលិន លើវិស័យជាច្រើន រួមមាន វិស័យកសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល អប់រំ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងប្រព័ន្ធធារាសាស្ត្រ។
ជាការឆ្លើយតប ឯកឧត្តម វ៉ាង វិនប៊ីន (WANG Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការកោតសរសើរចំពោះការរីកចម្រើននៃការអភិវឌ្ឍន៍នៅខេត្តប៉ៃលិន ហើយបានបញ្ជាក់ថា ភាគីចិននឹងបន្តខិតខំជួយគាំទ្រដល់ការអភិវឌ្ឍរបស់ខេត្តប៉ៃលិន ស្របតាមសេចក្តីត្រូវការរបស់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងខេត្ត ក្នុងនាមជាប្រទេសមិត្តដ៏យូរអង្វែង។
ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ផងដែរថា ភាគីចិននឹងបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំ ស្របតាមគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ជាមួយគ្នានេះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់ភាគីកម្ពុជា ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយបានបង្ហាញការគាំទ្រយ៉ាងមុតមាំដល់កម្ពុជា ក្នុងការបន្តបោសសំអាតសកម្មភាពឧក្រិដ្ឋកម្មទាំងនេះឱ្យអស់ពីឫសគល់។ ទន្ទឹមនឹងនេះ ភាគីចិនក៏បានសន្យានឹងជំរុញ និងលើកទឹកចិត្តវិនិយោគិនចិន ឱ្យមកវិនិយោគនៅកម្ពុជា បន្ថែមទៀត រួមទាំងខេត្តប៉ៃលិនផងដែរ៕
ដោយ៖ លោក អ៊ុក ទូច / ប៉ៃលិន

