អគ្គនាយកដ្ឋានសំណង់ បន្តតាក់តែងគោលការណ៍ណែនាំបច្ចេកទេស ពង្រឹងវិស័យសំណង់ជាតិ
ភ្នំពេញ៖ អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងបន្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំបច្ចេកទេស ដែលចាំបាច់សម្រាប់ពង្រឹងវិស័យសំណង់ ឱ្យមានគុណភាព សុវត្ថិភាព និងសោភ័ណភាព ស្របតាមស្តង់ដារបច្ចេកទេសជាតិ។
ក្នុងក្របខ័ណ្ឌនៃការងារនេះ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ស្ថាប័នពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង គោលការណ៍ណែនាំបច្ចេកទេស វិស័យសំណង់ ដើម្បីពិនិត្យខ្លឹមសារ បញ្ចូលមតិយោបល់ និងកែសម្រួលឱ្យសមស្របនឹងស្ថានភាពជាក់ស្តែង និងតម្រូវការអភិវឌ្ឍប្រទេស។
កិច្ចប្រជុំនេះ មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងវិស័យសំណង់ ការធានាសុវត្ថិភាពសាធារណៈ ការកាត់បន្ថយហានិភ័យ និងការអភិវឌ្ឍសំណង់ប្រកបដោយសោភ័ណភាព និងចីរភាព។
គោលការណ៍ណែនាំបច្ចេកទេសនេះ ត្រូវបានរំពឹងថា នឹងក្លាយជាមូលដ្ឋានសំខាន់ សម្រាប់ការអនុវត្តការងារសំណង់ ការត្រួតពិនិត្យ និងការអនុវត្តបទប្បញ្ញត្តិបច្ចេកទេសជាតិ នៅទូទាំងប្រទេស។

