ប្រជាពលរដ្ឋបុរីសន្តិភាព២ ស្នើអាជ្ញាធរចុះពិនិត្យទីតាំងសង្ស័យលួចបង្កប់លេងល្បែងស៊ីសងអនឡាញ
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលើកឡើងពីក្តីបារម្ភចំពោះសុវត្ថិភាព និងសន្តិសុខក្នុងមូលដ្ឋាន ដោយអះអាងថា មានទីតាំងមួយចំនួនត្រូវបានសង្ស័យថា អាចលួចបង្កប់បើកលេងល្បែងស៊ីសងអនឡាញខុសច្បាប់។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ការលេងល្បែងស៊ីសងខុសច្បាប់អាចបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអាចនាំឱ្យកើតមានជម្លោះ ឬអំពើហិង្សា ទាំងនៅជុំវិញទីតាំងលេងល្បែង និងក្នុងក្រុមគ្រួសារ។
ក្នុងន័យនេះ ប្រជាពលរដ្ឋបានស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសប្រធានក្រុមទាំង៨ អនុភូមិ មេភូមិ មេប៉ុស្តិ៍ និងចៅសង្កាត់ ចុះពិនិត្យ និងស្រាវជ្រាវឱ្យបានច្បាស់លាស់ ប្រសិនបើមានការសង្ស័យថា មានទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ ដើម្បីចាត់វិធានការតាមច្បាប់ចំពោះម្ចាស់ទីតាំង និងអ្នកដែលពាក់ព័ន្ធ។
ប្រជាពលរដ្ឋក៏បានចោទជាសំណួរថា ប្រសិនបើអាជ្ញាធរមូលដ្ឋានបានដឹងអំពីបញ្ហានេះ តើមានវិធានការអ្វីខ្លះដើម្បីទប់ស្កាត់ និងបង្ក្រាប? ចំណែកប្រសិនបើមិនទាន់បានដឹង ក៏សូមអាជ្ញាធរចុះស្រាវជ្រាវ និងត្រួតពិនិត្យជាក់ស្តែង ដើម្បីធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ អង្គភាពសារព័ត៌មានយើងខ្ញុំបានចុះផ្សាយព័ត៌មានពាក់ព័ន្ធកាលពីពេលកន្លងមក បន្ទាប់ពីទទួលបានរូបភាព និងវីដេអូពីប្រជាពលរដ្ឋ។ អង្គភាពក៏បានអះអាងថា ធ្លាប់មានអ្នកទូរសព្ទមកស្នើសុំចរចា និងផ្តល់ផលប្រយោជន៍ ដើម្បីឱ្យលុបព័ត៌មានចេញពីការផ្សព្វផ្សាយ។ ទោះជាយ៉ាងណា ព័ត៌មាននេះគឺជាការលើកឡើងពីប្រភពដែលអង្គភាពទទួលបាន ហើយអង្គភាពសូមបន្តស្វែងរកការបញ្ជាក់ពីគ្រប់ភាគីពាក់ព័ន្ធ។
ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាននឹងទទួលយកការរិះគន់ក្នុងន័យស្ថាបនា និងចាត់វិធានការសមស្រប ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ជាពិសេសការរួមគ្នាទប់ស្កាត់បទល្មើស និងល្បែងស៊ីសងខុសច្បាប់ ដើម្បីឱ្យមូលដ្ឋានកាន់តែមានសុវត្ថិភាព និងប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត៕

