បែកធ្លាយ៖ ស្នើអាជ្ញាធរចុះពិនិត្យទីតាំងដែលត្រូវបានរាយការណ៍ថា មានការលេងល្បែងស៊ីសងនៅផ្សារទំនើបសូរិយា

 

បែកធ្លាយ៖ ស្នើអាជ្ញាធរចុះពិនិត្យទីតាំងដែលត្រូវបានរាយការណ៍ថា មានការលេងល្បែងស៊ីសងនៅផ្សារទំនើបសូរិយា
ភ្នំពេញ៖ តាមការរាយការណ៍ពីបងប្អូនអាជីវករមួយចំនួន ដែលកំពុងប្រកបអាជីវកម្មនៅផ្សារទំនើបសូរិយា បានឱ្យដឹងថា នៅជាន់ទី៥ នៃផ្សារទំនើបសូរិយា ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានរាយការណ៍ថា មានសកម្មភាពលេងល្បែងស៊ីសង ដោយក្នុងនោះមានហ្គេមបាញ់ត្រី និងល្បែងប្រភេទផ្សេងៗទៀត។
ប្រភពដដែលបានស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែង ដើម្បីបញ្ជាក់ថា តើទីតាំងខាងលើពិតជាមានសកម្មភាពលេងល្បែងស៊ីសង ដូចការរាយការណ៍ឬយ៉ាងណា និងចាត់វិធានការតាមច្បាប់ ប្រសិនបើរកឃើញថាមានបទល្មើស។
បងប្អូនអាជីវករមួយចំនួនក៏បានបង្ហាញក្តីព្រួយបារម្ភចំពោះបញ្ហាសន្តិសុខ និងសុវត្ថិភាពនៅក្នុងតំបន់ ដោយស្នើឱ្យមានការត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកប្រកបអាជីវកម្ម។
ជាមួយគ្នានេះ មហាជន និងបងប្អូនអាជីវករ សូមស្នើដល់ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំង លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាចាត់មន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងខាងលើ និងចាត់វិធានការសមស្របតាមច្បាប់ ប្រសិនបើរកឃើញមានការប្រព្រឹត្តល្មើសពិតប្រាកដ។
សារព័ត៌មានពន្លឺព្រះធម៌ សូមបញ្ជាក់ថា ព័ត៌មានខាងលើ គឺជាការរាយការណ៍ និងការស្នើសុំពីប្រភពមួយចំនួន ហើយសារព័ត៌មានមិនទាន់អាចបញ្ជាក់ដោយឯករាជ្យបាននៅឡើយទេ។ ដូច្នេះ រាល់ការចោទប្រកាន់នឹងត្រូវរង់ចាំការបញ្ជាក់ពីអាជ្ញាធរ និងភាគីពាក់ព័ន្ធ។
ដោយ៖ ហុក វិបុល
ទំនាក់ទំនង៖ 071 779 9662

Leave a Reply

Your email address will not be published. Required fields are marked *