កុមារម្នាក់ស្លាប់ក្នុងបន្ទប់ពិគ្រោះព្យាបាលនៅស្រុកកៀនស្វាយ ខណៈមូលហេតុនៃការស្លាប់កំពុងស្ថិតក្នុងការស៊ើបសួរ

កុមារម្នាក់ស្លាប់ក្នុងបន្ទប់ពិគ្រោះព្យាបាលនៅស្រុកកៀនស្វាយ ខណៈមូលហេតុនៃការស្លាប់កំពុងស្ថិតក្នុងការស៊ើបសួរ

កណ្តាល៖ កុមារាប្រុសម្នាក់ អាយុជិត៣ឆ្នាំ បានស្លាប់នៅក្នុងបន្ទប់ពិគ្រោះព្យាបាលជំងឺកុមារមួយកន្លែង ស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីព្រលប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ខណៈមូលហេតុពិតប្រាកដនៃការស្លាប់ នៅមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយ។

កុមាររងគ្រោះឈ្មោះ សុគន្ធ វីរៈ ភេទប្រុស កើតថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ មានទីលំនៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមការបញ្ជាក់ពីប្រភពអាជ្ញាធរ មុនពេលកើតហេតុ កុមាររងគ្រោះមានអាការៈក្តៅខ្លួន ហើយនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រុមគ្រួសារបាននាំកុមារទៅពិគ្រោះ និងព្យាបាលនៅបន្ទប់ពិគ្រោះព្យាបាលជំងឺកុមារខាងលើ។

តាមការរាយការណ៍ ក្រុមគ្រូពេទ្យបានពិនិត្យ និងសន្និដ្ឋានថា កុមារអាចមានជំងឺគ្រុនឈាម ហើយត្រូវបានណែនាំឱ្យសម្រាកនៅទីនោះ ដើម្បីទទួលការព្យាបាល និងដាក់សេរ៉ូម។

ប្រភពដដែលបានឱ្យដឹងថា នៅរសៀលថ្ងៃដដែល កុមារបានមានអាការៈធ្វើទុក្ខ និងឈឺចាប់ ខណៈសេរ៉ូមត្រូវបានដាក់ប្រមាណកន្លះម៉ោង។ រហូតដល់ព្រលប់ កុមារបានបាត់បង់ជីវិតនៅទីតាំងព្យាបាលខាងលើ។

ក្រោយហេតុការណ៍ ក្រុមគ្រួសារបាននាំកុមារទៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ដើម្បីពិនិត្យ ប៉ុន្តែត្រូវបានបញ្ជាក់ថា កុមារបានស្លាប់បាត់ទៅហើយ។ បន្ទាប់មក សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីកើតហេតុ មានការសម្របសម្រួលរវាងតំណាងបន្ទប់ពិគ្រោះព្យាបាល និងក្រុមគ្រួសារសព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគគីរ។ តាមការរាយការណ៍ ភាគីគ្រួសារបានទាមទារសំណងចំនួន ១០,០០០ដុល្លារអាមេរិក ខណៈភាគីបន្ទប់ពិគ្រោះព្យាបាលបានយល់ព្រមផ្តល់សំណងចំនួន ៩,០០០ដុល្លារអាមេរិក និងចូលបុណ្យបន្ថែមចំនួន ២,០០០,០០០រៀល

យ៉ាងណាក៏ដោយ ព័ត៌មានអំពីការផ្តល់សំណង និងការព្រមព្រៀងបញ្ចប់វិវាទនេះ មិនគួរត្រូវបានចាត់ទុកថាជាការបញ្ជាក់អំពីកំហុសផ្នែកវេជ្ជសាស្ត្រឡើយ ខណៈមូលហេតុពិតប្រាកដនៃការស្លាប់នៅកំពុងស្ថិតក្នុងការស៊ើបសួរ និងពិនិត្យរបស់សមត្ថកិច្ចជំនាញ។

លោក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាក់ថា ការប្រគល់ និងទទួលសំណង គឺជាសិទ្ធិរបស់ភាគីទាំងពីរ ប៉ុន្តែចំពោះនីតិវិធីផ្លូវច្បាប់ ករណីនេះត្រូវបានបញ្ជូនទៅស្ថាប័នតុលាការដើម្បីចាត់ការតាមនីតិវិធី។

លោក ហេង ថេងសំណាង ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកៀនស្វាយ បានឱ្យដឹងថា មូលហេតុនៃការស្លាប់នៅមិនទាន់ច្បាស់លាស់នៅឡើយ ហើយកំពុងមានការសាកសួរ និងស្រាវជ្រាវថា តើករណីនេះពាក់ព័ន្ធនឹងប្រតិកម្មថ្នាំ ឬបញ្ហាបច្ចេកទេសក្នុងការព្យាបាល។

លោកបានបញ្ជាក់បន្ថែមថា នៅពេលនេះ មិនទាន់មានការឃាត់ខ្លួនវេជ្ជបណ្ឌិតពាក់ព័ន្ធទេ ដោយត្រូវរង់ចាំលទ្ធផលនៃការស្រាវជ្រាវជាមុន។ ចំពោះព័ត៌មានស្តីពីការផ្តល់សំណងចំនួន៩,០០០ដុល្លារ និងប្រាក់ចូលបុណ្យចំនួន២លានរៀល លោកបានបញ្ជាក់ថា លោកមិនទាន់បានដឹងអំពីព័ត៌មាននេះឡើយ។

ជាមួយគ្នានេះ លោក គាម ពិសិដ្ឋ ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលស្តីទី បានឱ្យដឹងថា លោកបានចាត់មន្ត្រីជំនាញចុះស៊ើបសួរ និងពិនិត្យករណីនេះតាំងពីព្រឹកថ្ងៃទី២៦ ខែសីហា ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍បញ្ជាក់អំពីមូលហេតុនៃការស្លាប់នៅឡើយ។

ករណីនេះ ក្រុមគ្រួសារសព និងសាធារណជន កំពុងរង់ចាំលទ្ធផលនៃការស៊ើបអង្កេតរបស់សមត្ថកិច្ច ស្ថាប័នសុខាភិបាល និងតុលាការ ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់អំពីមូលហេតុនៃការស្លាប់ និងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធ ប្រសិនបើមានការរកឃើញកំហុសតាមច្បាប់។

សារព័ត៌មានពន្លឺព្រះធម៌ នឹងបន្តតាមដាន និងផ្សព្វផ្សាយព័ត៌មានបន្ថែម ប្រសិនបើមានការបញ្ជាក់ជាផ្លូវការពីសមត្ថកិច្ច ឬស្ថាប័នជំនាញ។

ទំនាក់ទំនង៖ 071 799 6662

Leave a Reply

Your email address will not be published. Required fields are marked *