ប្រជាពលរដ្ឋស្នើអាជ្ញាធរខណ្ឌដូនពេញ ចាត់វិធានការបិទទីតាំងល្បែងស៊ីសងបាញ់ត្រី ខាងលើផ្សារទំនើបសូរិយា
(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុង និងជុំវិញខណ្ឌដូនពេញ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងស្នើសុំទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសលោកអភិបាលខណ្ឌដូនពេញ សូមមេត្តាចាត់វិធានការត្រួតពិនិត្យ និងអនុវត្តតាមច្បាប់យ៉ាងតឹងរឹង ចំពោះទីតាំងល្បែងស៊ីសងប្រភេទបាញ់ត្រីមួយកន្លែង ដែលស្ថិតនៅខាងលើផ្សារទំនើបសូរិយា ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមការរាយការណ៍ពីប្រជាពលរដ្ឋ និងប្រភពព័ត៌មានមូលដ្ឋាន បានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខាងលើ កំពុងដំណើរការយ៉ាងរលូនជាប្រចាំ ទាំងថ្ងៃទាំងយប់ ដោយមានមនុស្សចូលលេងជាច្រើន ដែលស្ថានភាពនេះ អាចបង្កឲ្យកើតមានបញ្ហាសង្គមធ្ងន់ធ្ងរ រួមមាន ការបាត់បង់ប្រាក់សម្បត្តិ ប៉ះពាល់ដល់ជីវភាពគ្រួសារ និងគ្រោះថ្នាក់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋបានលើកឡើងថា ការអនុញ្ញាតឲ្យទីតាំងល្បែងស៊ីសងខាងលើដំណើរការដោយគ្មានការត្រួតពិនិត្យយ៉ាងតឹងរឹង អាចផ្ទុយទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងការរក្សាសុវត្ថិភាពសង្គម។ ដោយហេតុនេះ ពួកគេសូមអំពាវនាវឲ្យអាជ្ញាធរខណ្ឌដូនពេញ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យ ស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ ឲ្យបានច្បាស់លាស់ ម៉ឺងម៉ាត់ និងប្រកបដោយតម្លាភាព។
ប្រជាពលរដ្ឋក៏បានសង្ឃឹមថា ការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ នឹងជួយទប់ស្កាត់បញ្ហាល្បែងស៊ីសង បង្កើនទំនុកចិត្តរបស់សាធារណជនចំពោះអាជ្ញាធរ និងរួមចំណែករក្សាសុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ឲ្យមានភាពល្អប្រសើរបន្ថែមទៀត។
ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦
ដោយ៖ ហុក វិបុល
ទូរស័ព្ទ៖ 097 421 6661

