ល្បែងស៊ីសងខុសច្បាប់បើកលេងយ៉ាងគំហុកនៅកាកាបទី២ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចមូលដ្ឋានមិនទាន់ចាត់វិធានការ

🔴 ល្បែងស៊ីសងខុសច្បាប់បើកលេងយ៉ាងគំហុកនៅកាកាបទី២ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចមូលដ្ឋានមិនទាន់ចាត់វិធានការ
ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានទីតាំងល្បែងស៊ីសងខុសច្បាប់ ប្រភេទ សៃវៀនជល់មាន់ និងមាន់ជល់តាមប្រព័ន្ធអនឡាញ ដែលកំពុងដំណើរការយ៉ាងសកម្ម ដោយមិនទាន់ឃើញមានការចុះត្រួតពិនិត្យ ឬបង្ក្រាបពីសមត្ថកិច្ចមូលដ្ឋាននោះឡើយ។
ប្រជាពលរដ្ឋរស់នៅ ក្រុមទី៧ ភូមិកាកាប សង្កាត់កាកាបទី២ បានរាយការណ៍ថា ទីតាំងល្បែងស៊ីសងខាងលើ បើកដំណើរការជាញឹកញាប់ ជាពិសេសនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មានអ្នកចូលលេងជាច្រើន និងមានការដាក់លុយភ្នាល់ក្នុងទឹកប្រាក់ច្រើន ហាក់ដូចជាបើកលេងដោយសេរី ដោយមិនមានការរំខានពីអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធ។
តាមប្រភពព័ត៌មានក្នុងមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ទីតាំងល្បែងស៊ីសងនេះ ត្រូវបានគេស្គាល់ឈ្មោះ ហេង តូច ជាជនជួលទីតាំងបើកលេងល្បែងស៊ីសង រួមមាន ឡូតូ សៃវៀនជល់មាន់ និងមាន់ជល់តាមប្រព័ន្ធអនឡាញ ខណៈអ្នកចូលលេងភាគច្រើន ជាថៅកែ និងឈ្មួញ ដែលមានសមត្ថភាពដាក់លុយភ្នាល់ក្នុងចំនួនខ្ពស់។
ប្រភពបានអះអាងថា ម្ចាស់ទីតាំងល្បែងរូបនេះ តែងប្រាប់អ្នកចូលលេងថា ទីតាំងរបស់ខ្លួន «បានរៀបចំការរួចរាល់» ដែលធ្វើឲ្យអ្នកមកលេងមានការធានាចិត្តថា មិនមានការចុះបង្ក្រាបពីសមត្ថកិច្ច។
ជុំវិញករណីនេះ អង្គភាពសារព័ត៌មានយើង បានទំនាក់ទំនងរាយការណ៍តាមបណ្ដាញ Telegram ជូន លោកវីរៈសេនីយ៍ត្រី ជ្រេង ធី នាយប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី២ ដែលលោកបានឆ្លើយតបថា៖
«ទទួលបាន… ចាំឲ្យកម្លាំងចុះទៅពិនិត្យមើល»។
យ៉ាងណាមិញ ប្រជាពលរដ្ឋនៅជិតទីតាំងល្បែង បានបញ្ជាក់ថា មកទល់ពេលរាយការណ៍នេះ មិនទាន់ឃើញមានសមត្ថកិច្ចណា ចុះទៅពិនិត្យ ឬចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនោះទេ ដែលធ្វើឲ្យមានការសង្ស័យអំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់នៅមូលដ្ឋាន។
ប្រជាពលរដ្ឋបានបង្ហាញការព្រួយបារម្ភថា វត្តមានល្បែងស៊ីសងខុសច្បាប់ អាចបង្កឲ្យមានបញ្ហាអសន្តិសុខសង្គម ដូចជា ជម្លោះក្នុងគ្រួសារ អំពើឆក់ប្លន់ ការលួចលាក់ និងបទល្មើសផ្សេងៗ ដែលជះឥទ្ធិពលអវិជ្ជមានដល់សុវត្ថិភាព និងសុខសាន្តរបស់សហគមន៍។
ក្នុងនោះដែរ ប្រជាពលរដ្ឋ សូមអំពាវនាវដល់ លោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និង លោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តាចាត់វិធានការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ឲ្យមានប្រសិទ្ធភាព ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសុខសាន្តជូនប្រជាពលរដ្ឋ។
សូមរំលឹកថា កន្លងមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការតឹងរឹង ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ឲ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ ហុក វិបុល
ទូរស័ព្ទ៖ 097 421 6661

Oplus_131072

Leave a Reply

Your email address will not be published. Required fields are marked *