សេចក្តីរាយការណ៍
កម្មវត្ថុ៖ ស្តីពីទីតាំងល្បែងស៊ីសងខុសច្បាប់ ប្រភេទសៃវៀនជល់មាន់ និងមាន់ជល់តាមប្រព័ន្ធអនឡាញ នៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
ជូន៖
លោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ
លោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ
១. មូលហេតុ និងស្ថានភាពទូទៅ
តាមសេចក្តីរាយការណ៍ និងការឆ្លុះបញ្ចាំងពីប្រជាពលរដ្ឋរស់នៅ ក្រុមទី៧ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឲ្យដឹងថា មានទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង កំពុងដំណើរការយ៉ាងសកម្ម ប្រភេទ សៃវៀនជល់មាន់ និងមាន់ជល់តាមប្រព័ន្ធអនឡាញ ដែលបើកលេងជាប្រចាំ ជាពិសេសនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ទីតាំងខាងលើ មានអ្នកចូលលេងជាច្រើន ដាក់លុយភ្នាល់ក្នុងចំនួនខ្ពស់ ដោយមិនទាន់ឃើញមានការចុះត្រួតពិនិត្យ ឬបង្ក្រាបពីសមត្ថកិច្ចមូលដ្ឋាននោះឡើយ។
២. ព័ត៌មានពាក់ព័ន្ធនឹងទីតាំងល្បែង
តាមការអះអាងពីប្រជាពលរដ្ឋ និងប្រភពព័ត៌មានក្នុងមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ទីតាំងល្បែងស៊ីសងខាងលើ ត្រូវបានគេស្គាល់ឈ្មោះថា ហេង តូច ជាជនជួលទីតាំងបើកលេងល្បែងស៊ីសង រួមមាន ឡូតូ សៃវៀនជល់មាន់ និងមាន់ជល់តាមប្រព័ន្ធអនឡាញ។
ប្រភពបានអះអាងបន្ថែមថា ម្ចាស់ទីតាំងល្បែង តែងអួតក្អែងប្រាប់អ្នកចូលលេងថា ទីតាំងរបស់ខ្លួនបាន «រត់ការរួចរាល់ហើយ» ដែលធ្វើឲ្យទីតាំងនេះ អាចបន្តដំណើរការបានដោយរលូន ដោយមិនខ្លាចការចុះបង្ក្រាបពីសមត្ថកិច្ច។
៣. ការទំនាក់ទំនងជាមួយសមត្ថកិច្ចមូលដ្ឋាន
ជុំវិញបញ្ហានេះ មានការរាយការណ៍ជូន លោកវីរៈសេនីយ៍ត្រី ជ្រេង ធី នាយប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី២ តាមបណ្ដាញ Telegram ដោយលោកបានឆ្លើយតបថា បានទទួលព័ត៌មានហើយ និងនឹងចាត់កម្លាំងចុះទៅពិនិត្យមើល។
យ៉ាងណាមិញ តាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅជិតទីតាំងខាងលើ មកទល់ពេលរាយការណ៍នេះ មិនទាន់ឃើញមានសមត្ថកិច្ចណា ចុះទៅពិនិត្យ ឬចាត់វិធានការបង្ក្រាបនៅឡើយទេ។
៤. ផលប៉ះពាល់ និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ
ប្រជាពលរដ្ឋបានបង្ហាញការព្រួយបារម្ភថា វត្តមានទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ អាចបង្កឲ្យមានបញ្ហាអសន្តិសុខសង្គម ដូចជា ជម្លោះក្នុងគ្រួសារ អំពើឆក់ប្លន់ ការលួចលាក់ និងបទល្មើសផ្សេងៗ ដែលជះឥទ្ធិពលអវិជ្ជមានដល់សុវត្ថិភាព និងសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
៥. សំណើ និងអនុសាសន៍
ដោយផ្អែកលើស្ថានភាពខាងលើ សូម លោកអភិបាលខណ្ឌ និង លោកអធិការនគរបាលខណ្ឌ មេត្តាពិនិត្យ និងចាត់វិធានការតាមច្បាប់ ដូចខាងក្រោម៖
ចុះត្រួតពិនិត្យជាក់ស្តែងលើទីតាំងល្បែងស៊ីសងខាងលើ
បង្ក្រាប និងទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ ឲ្យបានទាន់ពេលវេលា
ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងមូលដ្ឋានសង្កាត់កាកាបទី២
សូមមេត្តាពិចារណា និងអនុវត្តតាមសមត្ថកិច្ច៕
រាយការណ៍ដោយ៖ 0974216661
ហុក វិបុល
អ្នកសារព័ត៌មាន


