អភិបាលរាជធានីភ្នំពេញ និងអភិបាលក្រុងតូក្យូ ចូលរួមពិភាក្សាលេីសេចក្តីថ្លែងការណ៍រួមលេីប្រធានបទ «អនាគតនៃនគរូបនីយកម្ម ដោយផ្អែកលេីភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្ដរាយ»

អភិបាលរាជធានីភ្នំពេញ និងអភិបាលក្រុងតូក្យូ ចូលរួមពិភាក្សាលេីសេចក្តីថ្លែងការណ៍រួមលេីប្រធានបទ «អនាគតនៃនគរូបនីយកម្ម ដោយផ្អែកលេីភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្ដរាយ»

(តូក្យូ-ជប៉ុន)៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គ Sushi Tech 2026 G-NETS Leaders Summit ដេីម្បីពិភាក្សាលេីសេចក្តីថ្លែងការណ៍រួមលេីប្រធានបទ «អនាគតនៃនគរូបនីយកម្ម ដោយផ្អែកលេីភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្ដរាយ» ដែលកម្មវិធីនេះ ដឹកនាំកិច្ចពិភាក្សា ដោយលោកស្រី យូរីកូ កូអុីកេ អភិបាលក្រុងតូក្យូ។

ពីទីក្រុងតូក្យូ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គនេះ តម្រូវឲ្យអភិបាលក្រុង ឬតំណាងទីក្រុង ដែលបានចូលរួមធ្វើការចែករំលែកបទពិសោធន៍ អំពីស្ថានភាព ក៏ដូចជាការខិតខំប្រឹងប្រែងដោះស្រាយគ្រោះមហន្តរាយរបស់ទីក្រុងខ្លួន និងចំណាប់អារម្មណ៍ទាក់ទងនឹងការរៀបចំវេទិកាកិច្ចប្រជុំកំពូល G-NETS នាពេលនេះ។

លោកស្រីអ្នកនាំពាក្យ បានបន្តថា សម្រាប់រាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្រុងតូក្យូ ដែលបានរៀបចំកិច្ចប្រជុំកំពូលនេះ ដេីម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ នៃបណ្តាទីក្រុងនានា លេីសកលលោកបានជួបពិភាក្សាចែករំលែកនូវបទពិសោធន៍ និងស្វែងរកដំណោះស្រាយរួម ដេីម្បីអភិវឌ្ឍទីក្រុង ប្រកបដោយចីរភាព និងមានភាពធន់ ជាពិសេសអាចទប់ទល់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ នឹងវិបត្តិជាសកលដែលបង្កឡើងដោយគ្រោះធម្មជាតិ និងការបម្រែបម្រួលអាកាសធាតុ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រេីប្រាស់នូវចំណេះដឹង និងបទពិសោធន៍ ដែលទទួលបាននាពេលនេះ ដេីម្បីបន្តធ្វេីការអភិវឌ្ឍនគរូបនីយកម្មទីក្រុង ឲ្យកាន់តែមានចីរភាពបន្តទៀត។

ជាមួយគ្នានេះ ក្នុងនាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ បានធ្វើបទបង្ហាញស្តីពីភាពធន់ និងការគ្រប់គ្រងគ្រោះមហន្ដរាយធម្មជាតិ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានចែករំលែកមេរៀន និងបទពិសោធន៍ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការធ្វើឲ្យប្រសើរឡើង នូវអភិវឌ្ឍនគរូបនីយកម្មទីក្រុង ឲ្យកាន់តែមានចីរភាពបន្តទៀត។

លោកស្រី យូរីកូ កូអុីកេ អភិបាលក្រុងតូក្យូ បានដាក់ជូនអង្គប្រជុំអនុម័ត និងឯកភាពលេីសេចក្តីព្រាងសេចក្ដីថ្លែងការណ៍រួម ស្តីពី «អនាគត នៃនគរូបនីយកម្មថ្មី ដោយផ្អែកលេីភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយ» ព្រមជាមួយនឹងការធ្វើសន្និសីទសារព័ត៌មាន ដេីម្បីប្រកាសសេចក្ដីថ្លែងការណ៍រួមនេះផងដែរ៕

 

Leave a Reply

Your email address will not be published. Required fields are marked *