រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថា ស្ថានភាពសេរីភាពសារព័ត៌មានឆ្នាំ២០២៦ មានភាពល្អប្រសើរ

រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថា ស្ថានភាពសេរីភាពសារព័ត៌មានឆ្នាំ២០២៦ មានភាពល្អប្រសើរ
ក្រសួងព័ត៌មានបានផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦» ដែលបង្ហាញថា ស្ថានភាពសេរីភាព និងសណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរឡើង។ ការវាយតម្លៃនេះផ្អែកលើការស្ទង់មតិទូទាំងប្រទេស ក្នុងចំណោមអ្នកចូលរួមចំនួន ៥៧០នាក់ ដែលតំណាងឲ្យអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសារព័ត៌មាន។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការវាស់វែងសន្ទស្សន៍ស្ថានភាពសេរីភាពសារព័ត៌មាន គឺជាកត្តាសំខាន់សម្រាប់ប្រទេសនានា នៅលើសកលលោក ព្រោះវាជាសូចនាករបង្ហាញពីលំហនៃការអនុវត្តសិទ្ធិសេរីភាព ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គម។
ឯកឧត្តមបានបន្ថែមថា ក្នុងយុគសម័យឌីជីថល ការវាស់វែងសន្ទស្សន៍នេះកាន់តែមានសារៈសំខាន់ ដើម្បីធានាតុល្យភាពរវាងសេរីភាព និងការទទួលខុសត្រូវ ព្រមទាំងបង្កើនភាពជឿទុកចិត្តរបស់សាធារណជនចំពោះប្រព័ន្ធផ្សព្វផ្សាយ។ លើសពីនេះ វាក៏ជួយកំណត់អត្តសញ្ញាណបញ្ហាប្រឈមថ្មីៗ និងបង្ហាញឱកាសអភិវឌ្ឍន៍សម្រាប់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងរយៈពេល ២ឆ្នាំកន្លងមក ក្រសួងព័ត៌មានបានរៀបចំរបាយការណ៍នេះជាប្រចាំ សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ ហើយសម្រាប់ឆ្នាំ២០២៦ ក៏បានបន្តអនុវត្ត ដោយមានគោលបំណងសំខាន់ចំនួន ៣ រួមមាន៖
១- វាយតម្លៃលើការរីកចម្រើន បញ្ហាប្រឈម និងចំណុចត្រូវកែលម្អក្នុងវិស័យសារព័ត៌មាន ដើម្បីធានាទិសដៅអភិវឌ្ឍន៍ឲ្យមានប្រសិទ្ធភាព។
២- ផ្តល់ព័ត៌មានផ្លូវការដែលផ្អែកលើទិន្នន័យ និងការពិត ជូនសាធារណជនជាតិ និងអន្តរជាតិ ជំនួសការវាយតម្លៃបែបលម្អៀង។
៣- បង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន ការគោរពច្បាប់ និងការបង្កើតបរិយាកាសព័ត៌មានមានតុល្យភាពរវាងសេរីភាព និងស្ថិរភាពសង្គម។
លទ្ធផលស្ទង់មតិបង្ហាញថា អ្នកធ្វើការនៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ចំនួន ៨០,៨% បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ក្នុងនោះ ៩,៦៥% វាយតម្លៃថា «ល្អណាស់» និង ៧១,២៣% វាយតម្លៃថា «ល្អ»។ ខណៈដែល ៧៥,២៦% នៃអ្នកចូលរួមស្ទង់មតិ បានវាយតម្លៃថា សណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជា មានលក្ខណៈល្អប្រសើរ។

Leave a Reply

Your email address will not be published. Required fields are marked *