ស្រុកស្អាង រៀបចំសកម្មភាពសម្អាតអនាម័យបរិស្ថាន ក្រោមប្រធានបទ «ស្អាងយើងស្អាត»
ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោក ជឺ គីមហៃ អភិបាលនៃគណៈអភិបាលស្រុកស្អាង បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមអនុវត្តសកម្មភាពសម្អាតអនាម័យបរិស្ថាន នៅក្នុងភូមិសាស្ត្រស្រុកស្អាង ក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន ឲ្យកាន់តែល្អប្រសើរ» ឬ «ស្អាងយើងស្អាត»។
សកម្មភាពនេះ មានការចូលរួមយ៉ាងសកម្មពីសមាជិកក្រុមប្រឹក្សាស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ស្អាង ព្រមទាំងក្រុមការងារឃុំព្រែកគយ ក្នុងគោលបំណងលើកកម្ពស់អនាម័យ បរិស្ថានស្អាត និងជំរុញការចូលរួមរួមគ្នារបស់សហគមន៍ ក្នុងការថែរក្សាបរិស្ថានឲ្យមានសោភ័ណភាព អនាម័យ និងចីរភាព។
ក្នុងឱកាសនោះ លោក ជឺ គីមហៃ អភិបាលស្រុកស្អាង បានមានប្រសាសន៍ថា ការថែរក្សាអនាម័យ និងបរិស្ថាន គឺជាកាតព្វកិច្ចរួមរបស់មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ហើយបានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមយ៉ាងសកម្មក្នុងការសម្អាតបរិស្ថាន ការគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ និងការបង្កើតទម្លាប់រស់នៅស្អាត មានអនាម័យ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពសហគមន៍។
ជាមួយគ្នានេះដែរ លោកអភិបាលស្រុក ក៏បានលើកទឹកចិត្តដល់ស្ថាប័នអប់រំ យុវជន និងប្រជាពលរដ្ឋទូទៅ ឲ្យចូលរួមថែរក្សាបរិស្ថានចាប់ពីគ្រួសារ សាលារៀន រហូតដល់សហគមន៍ ដោយចាត់ទុកការរក្សាបរិស្ថានស្អាត ជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍស្រុកស្អាងឲ្យមានចីរភាព និងរីកចម្រើនយ៉ាងប្រកបដោយស្ថិរភាព។
ដោយ ហុក វិបុល


