អាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបានជាង ៣០ម៉ឺន គ្រឿង មានតម្លៃជាទឹកប្រាក់ខ្ទង់លានដុល្លារ!

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ដកហូតវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
រាជធានីភ្នំពេញ — កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌដូនពេញ និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង កាលពីវេលាម៉ោង ២០:០០ នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។
ទីតាំងខាងលើ ស្ថិតនៅផ្ទះលេខ ៥២ ផ្លូវលេខ ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលក្មេងសិស្សសាលាមួយចំនួនហៅថា «ផ្ទះអាថ៌កំបាំង» មានម្ចាស់ឈ្មោះ តាំង សុខហេង ភេទប្រុស អាយុ ៥៨ឆ្នាំ។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបាន ចាប់យកវត្ថុតាងសរុបជាង ៣០ម៉ឺនគ្រឿង រួមមាន៖
ម៉ាស៊ីនជក់ចម្រុះម៉ាក ចំនួន 268,504 ម៉ាស៊ីន
ក្បាលជក់ចម្រុះម៉ាក ចំនួន 69,615 ក្បាល
ទឹក Vape (វេប) ចំនួន 792 ដប
ម៉ាស៊ីនកិនកញ្ឆា ចំនួន 443 ម៉ាស៊ីន
វត្ថុតាងទាំងអស់នេះ ត្រូវបានវាយតម្លៃថា មានតម្លៃជាទឹកប្រាក់ខ្ទង់លានដុល្លារ។ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថា ករណីប្រហាក់ប្រហែលនេះ កម្លាំងសមត្ថកិច្ចបានធ្វើការទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់មកហើយ។
សូមបញ្ជាក់ថា ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដាក់បទបញ្ជា ហាមឃាត់ដាច់ខាត មិនឲ្យនាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុកឡើយ។
ការអនុវត្តវិធានការនេះ មានគោលបំណង ទប់ស្កាត់ បង្ការ និងដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ៕

Leave a Reply

Your email address will not be published. Required fields are marked *