សូមជម្រាបជូនសាធារណជនជ្រាបថា

រថយន្តសង្គ្រោះមួយគ្រឿង ដែលប្រើឈ្មោះ “មន្ទីរពេទ្យរុស្ស៊ី” ហើយត្រូវបានរាយការណ៍ថា បានទារប្រាក់ពីសាច់ញាតិសព ចំនួន ១៥០ ដុល្លារ សម្រាប់ការដឹកសពយកទៅធ្វើបុណ្យនៅស្រុកកំណើតនោះ មិនមែនជារថយន្តសង្គ្រោះរបស់មន្ទីរពេទ្យរុស្ស៊ីឡើយ។
តាមការបញ្ជាក់ រថយន្តខាងលើ គឺជារថយន្តរបស់អង្គការមួយ ដែលមានប្រចាំការនៅក្នុងមន្ទីរពេទ្យរុស្ស៊ី ដើម្បីបំពេញភារកិច្ចបង្កកសព ឬផ្លាស់ទីសព សម្រាប់រង់ចាំសាច់ញាតិ ហើយ មិនមែនជារថយន្តផ្លូវការរបស់មន្ទីរពេទ្យរុស្ស៊ីនោះទេ។
នៅព្រឹកមិញនេះ ប្រធានមន្ទីរពេទ្យរុស្ស៊ី បានហៅអ្នកបើកបររថយន្តសង្គ្រោះពាក់ព័ន្ធ មកធ្វើការណែនាំ និងបញ្ជាឲ្យ បញ្ឈប់សកម្មភាពខាងលើជាបន្ទាន់។
សូមបញ្ជាក់ជាផ្លូវការថា រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យរុស្ស៊ី ធ្វើការដឹកសពទៅដល់ស្រុកកំណើត ឬគេហដ្ឋាន ដោយមិនគិតថ្លៃឡើយ។
ការបញ្ជាក់នេះ ត្រូវបានអះអាងដោយផ្ទាល់ពីប្រធានមន្ទីរពេទ្យរុស្ស៊ី មកកាន់ អង្គភាពសារព័ត៌មាន ពន្លឺព្រះធម៌ តាមរយៈទូរសព្ទ នៅព្រឹកមិញនេះ។
សូមអំពាវនាវដល់សាធារណជន មេត្តាកុំមានការយល់ច្រឡំ ឬសន្និដ្ឋានខុស យកទៅលើរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យរុស្ស៊ី។

