ខេត្តប៉ៃលិន÷ មន្ទីរព័ត៌មានខេត្តប៉ៃលិន បានរៀបចំកម្មវិធីផ្សព្វផ្សាយ និងអប់រំសាធារណៈ ដើម្បីប្រយុទ្ធប្រឆាំង និងបំបាត់ព័ត៌មានក្លែងក្លាយ ដែលកំពុងរីករាលដាលយ៉ាងខ្លាំងតាមបណ្តាញសង្គម និងមធ្យោបាយផ្សព្វផ្សាយនានា។
វត្តមានឯកឧត្តម លោក លោកស្រី សមាជិក សមាជិកា និងអ្នកចូលរួមជាច្រើនកុះករ ក្នុងឱកាសនេះ គឺជាសក្ខីភាពបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមសហការជាមួយមន្ទីរព័ត៌មានខេត្តប៉ៃលិន ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មានប្រឌិត ដែលកំពុងកើតមានជាបន្តបន្ទាប់រៀងរាល់ថ្ងៃ។
ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងក្នុងសង្គម និងប៉ះពាល់ដល់វិស័យសំខាន់ៗជាច្រើន រួមមាន សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម នយោបាយ សេដ្ឋកិច្ច ព្រមទាំងវិស័យផ្សេងៗទៀត ដែលជាហានិភ័យដល់ស្ថិរភាព និងការអភិវឌ្ឍសង្គមជាតិ។
ដោយមើលឃើញពីភាពចាំបាច់ និងភាពបន្ទាន់ ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ឯកឧត្តម នេត ភក្ត្រា បានដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាផ្លូវការ ដោយបានប្រារព្ធពិធីបើកយុទ្ធនាការនេះ កាលពីដើមខែមេសា ឆ្នាំ២០២៥ កន្លងទៅ ព្រមទាំងបានដាក់ចេញនូវផែនការសកម្មភាពឲ្យមន្ទីរព័ត៌មានរាជធានី–ខេត្ត អនុវត្តយុទ្ធសាស្ត្រនេះរយៈពេលពេញមួយឆ្នាំ តាមប្រតិទិនដែលបានកំណត់។
យោងតាមផែនការនេះ នៅដើមខែមករា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តប៉ៃលិន បានចូលរួមអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងសាធារណជន ដើម្បីរួមចំណែកធ្វើឲ្យយុទ្ធនាការរបស់ក្រសួងព័ត៌មានទទួលបានជោគជ័យតាមគោលដៅដែលបានដាក់ចេញ។
គោលបំណងសំខាន់នៃយុទ្ធនាការនេះ គឺការកាត់បន្ថយព័ត៌មានក្លែងក្លាយឲ្យបានអតិបរមា និងការផ្តល់ព័ត៌មានពិត ត្រឹមត្រូវ មានទំនួលខុសត្រូវ ជូនដល់សាធារណជន ដើម្បីលើកកម្ពស់ស្មារតីយល់ដឹង និងរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិយ៉ាងចីរភាព។
ដោយ៖ អ៊ុក ទូច

