អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីលួចម៉ូតូ នៅសង្កាត់ស្រះចក
ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅចំណុចសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅវេលាម៉ោង ០៥:៣០ នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦។
ជនសង្ស័យមានឈ្មោះ កៅ សុវណ្ណារិទ្ធ ហៅម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ ជនសង្ស័យត្រូវបានចោទប្រកាន់ថាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ រ័ត្ន លីជីវ ភេទប្រុស អាយុ២៥ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះជួលលេខ៣៥ ផ្លូវ K៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
តាមការបញ្ជាក់ពីសមត្ថកិច្ច បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពរួច បានបម្រុងគេចខ្លួន ប៉ុន្តែជនរងគ្រោះបានឃើញទាន់ និងស្រែកឆោឡោ បង្កឱ្យមានការផ្អើលដល់កម្លាំងសមត្ថកិច្ចល្បាតក្នុងមូលដ្ឋានចូលអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួមទាំងវត្ថុតាងម៉ូតូមួយគ្រឿង។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក HONDA WINNER X ពណ៌ស ស្លាកលេខ ភ្នំពេញ 1LP-1098 (លេខតួ 000709) ដែលបានប្រគល់ជូនជនរងគ្រោះវិញជាបណ្តោះអាសន្ន។
បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្រោមការសួរចម្លើយ និងកសាងសំណុំរឿង ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់។

