មហាជនកំពុងរង់ចាំមើលចំណាត់ការរបស់ លោក ជា ខេម៉ា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និង លោកវរៈសេនីយ៍ឯក ទៀ ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ថាតើលោកនឹងចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងនៅជាន់ទី៥ ផ្សារសូរិយា

ទីតាំងហ្គេមបាញ់ត្រីនៅជាន់ទី៥ ផ្សារទំនើបសូរិយា បើកដំណើរការឡើងវិញ បង្កកង្វល់ដល់មហាជន និងសិស្សសាលា

​រាជធានីភ្នំពេញ ÷ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឱ្យដឹងថា ទីតាំងល្បែងស៊ីសងប្រភេទ (ហ្គេមបាញ់ត្រី) ដែលជ្រកក្រោមស្លាកកន្លែងកម្សាន្ត ស្ថិតនៅជាន់ទី៥ នៃផ្សារទំនើបសូរិយា ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ បាននិងកំពុងបើកដំណើរការយ៉ាងពេញបន្ទុកឡើងវិញ បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសន្តិសុខ និងសីលធម៌សង្គម។

​តាមការស៊ើបអង្កេត និងសេចក្តីរាយការណ៍ពីពលរដ្ឋក្នុងមូលដ្ឋាន ទីតាំងនេះកំពុងអូសទាញស្រទាប់យុវជន ជាពិសេសសិស្សសាលាឱ្យគេចម៉ោងរៀនមកផ្ដុំគ្នាលេងល្បែងស៊ីសង។ អ្វីដែលគួរឱ្យកត់សម្គាល់ ទីតាំងនេះមានប្រព័ន្ធការពារយ៉ាងតឹងរ៉ឹង ដោយមានអ្នកយាមកាមចាំមើលផ្លូវ (កាង) យ៉ាងហ្មត់ចត់។ រាល់អតិថិជនដែលចូលទៅលេង គឺមិនត្រូវបានអនុញ្ញាតឱ្យយកទូរសព្ទដៃចូលឡើយ ពោលគឺត្រូវផ្ញើទុកនៅសន្តិសុខ ហើយថែមទាំងមានការយកស្កុតមកបិទកាមេរ៉ាទូរសព្ទទៀតផង ដើម្បីការពារការលេចធ្លាយរូបភាពទៅខាងក្រៅ។

​ប្រភពដដែលបានបន្តថា ទីតាំងល្បែងចម្រុះនៅជាន់ទី៥ នៃផ្សារសូរិយានេះ ធ្លាប់ត្រូវបានអាជ្ញាធរចុះបិទម្ដងរួចមកហើយ កាលពីប្រមាណ ២ ទៅ ៣ខែមុន។ ប៉ុន្តែបច្ចុប្បន្ន ទីតាំងនេះបែរជាអាចបើកដំណើរការឡើងវិញយ៉ាងរលូន ដោយគ្រាន់តែប្តូរអ្នកគ្រប់គ្រងថ្មីប៉ុណ្ណោះ ដែលបញ្ហានេះបានធ្វើឱ្យមហាជនដាក់ការសង្ស័យថា តើមាន “ខ្នងបង្អែក” ណានៅពីក្រោយ ទើបសមត្ថកិច្ចមិនទាន់ចុះបង្ក្រាប?

​យោងតាមស្មារតីនៃកិច្ចប្រជុំកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យអភិបាលរាជធានី-ខេត្ត ចាត់វិធានការស្រាវជ្រាវ និងបង្ក្រាបរាល់ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ។ ជាងនេះទៅទៀត កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានដាក់បទបញ្ជាឱ្យអភិបាលខេត្ត-រាជធានីទាំង ២៥ បង្ក្រាបបនល្បែងស៊ីសង និងកន្លែងចែកចាយគ្រឿងញៀនឱ្យអស់ពីមូលដ្ឋាន ដោយគ្មានការលើកលែងឡើយ។

​ឆ្លើយតបនឹងកង្វល់ខាងលើ មហាជនកំពុងរង់ចាំមើលចំណាត់ការរបស់ លោក ជា ខេម៉ា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និង លោកវរៈសេនីយ៍ឯក ទៀ ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ថាតើលោកនឹងចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងនៅជាន់ទី៥ ផ្សារសូរិយានេះនៅពេលណា ដើម្បីពង្រឹងគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងការពារកុំឱ្យមានការរិះគន់ពីសំណាក់សាធារណជន។

​អង្គភាពសារព័ត៌មានយើងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងជាស្ពាននាំព័ត៌មានជូនថ្នាក់ដឹកនាំ ដើម្បីសន្តិសុខ និងសុវត្ថិភាពសង្គមតែប៉ុណ្ណោះ ដោយគ្មានចេតនាបង្ខូចកេរ្តិ៍ឈ្មោះបុគ្គល ឬស្ថាប័នណាមួយឡើយ។ យើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធជានិច្ច នៅរាល់ម៉ោងធ្វើការ៕

​ទំនាក់ទំនងព័ត៌មាន៖ 071 799 6662

Leave a Reply

Your email address will not be published. Required fields are marked *