នាយប៉ុស្តិ៍ច្រកទ្វេភាគីព្រំដែនសំរោង និងមន្ត្រីគយ រងការចោទប្រកាន់ថាសហការបើកដៃឲ្យមានការដឹកជញ្ជូនទំនិញគេចពន្ធចូលកម្ពុជា

នាយប៉ុស្តិ៍ច្រកទ្វេភាគីព្រំដែនសំរោង និងមន្ត្រីគយ រងការចោទប្រកាន់ថាសហការបើកដៃឲ្យមានការដឹកជញ្ជូនទំនិញគេចពន្ធចូលកម្ពុជា
ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋមូលដ្ឋានបានលើកឡើងពីការព្រួយបារម្ភ ចំពោះសកម្មភាពដឹកជញ្ជូនទំនិញឆ្លងដែនតាមច្រកទ្វេភាគីព្រំដែនសំរោង ដែលត្រូវបានសង្ស័យថាមានការបើកដៃឲ្យឈ្មួញបរទេស ដឹកជញ្ជូនទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ចូលមកកម្ពុជា។
តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មានរថយន្តធំៗជាច្រើន ដឹកជញ្ជូនទំនិញឆ្លងកាត់តំបន់នេះជាប្រចាំ ដែលបណ្តាលឲ្យផ្លូវក្នុងមូលដ្ឋានខូចខាតយ៉ាងខ្លាំង ហើយសង្ស័យថាជាទំនិញមិនបានបង់ពន្ធត្រឹមត្រូវ។ ទាំងទំនិញនាំចូល និងនាំចេញ ត្រូវបានអះអាងថាមិនមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីសមត្ថកិច្ចពាក់ព័ន្ធឡើយ។
ប្រជាពលរដ្ឋនៅស្រុកចន្ទ្រា បានបន្ថែមថា ក្រុមឈ្មួញវៀតណាម ទាំងតូច និងធំ កំពុងសម្រុកដឹកជញ្ជូនទំនិញគេចពន្ធ និងដឹកលើសទម្ងន់ ដែលបង្កឲ្យមានផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងតំបន់។ ទន្ទឹមនឹងនេះ ក៏មានការសង្ស័យថា មានទំនិញមួយចំនួនមិនបានបង់ពន្ធគ្រប់ចំនួន ត្រូវបាននាំចូលមកក្នុងប្រទេសយ៉ាងគំហុក។
ប្រភពដដែលបានលើកឡើងថា នៅចំណុចជិតការិយាល័យគយនៃច្រកព្រំដែនសំរោង មានរថយន្តដឹកទំនិញជាច្រើនចតរង់ចាំ ហើយបន្ទាប់មកត្រូវបានផ្ទេរទៅលើរថយន្តខ្មែរ ដើម្បីដឹកចែកចាយបន្តក្នុងទីផ្សារក្នុងស្រុក។ ទោះជាយ៉ាងណា សមត្ថកិច្ចពាក់ព័ន្ធត្រូវបានចោទថា មិនបានអនុវត្តការត្រួតពិនិត្យយ៉ាងតឹងរឹងនោះឡើយ។
មួយផ្នែកទៀត ប្រជាពលរដ្ឋបានសង្ស័យថា មានការប្រើប្រាស់អំណាច និងតួនាទី ដើម្បីទទួលផលប្រយោជន៍ផ្ទាល់ខ្លួន ដែលអាចធ្វើឲ្យសកម្មភាពខុសច្បាប់ទាំងនេះកើតមានជាបន្តបន្ទាប់ ដោយគ្មានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។
ដោយសារតែបញ្ហានេះ ប្រជាពលរដ្ឋនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង សូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្តស្វាយរៀង ពិសេសឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការដ្ឋាននគរបាលខេត្ត មេត្តាចាត់វិធានការត្រួតពិនិត្យ និងស៊ើបអង្កេតឡើងវិញ ដើម្បីធានាការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព និងទប់ស្កាត់ការនាំចូលទំនិញគេចពន្ធឲ្យបានត្រឹមត្រូវ។
សូមរង់ចាំការបំភ្លឺពីភាគីពាក់ព័ន្ធ។
ទំនាក់ទំនង៖ 071 288 8480

Oplus_131072
Oplus_131072

Leave a Reply

Your email address will not be published. Required fields are marked *