ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ រួមគ្នាធ្វើពិធីផ្សព្វផ្សាយក្រោមប្រធានបទ «ស្ថានភាពទេសចរណ៍កម្ពុជា ក្នុងបរិបទតំបន់ និងពិភពលោក ដែលមានភាពមិនប្រាកដប្រជា និងប្រែប្រួលឆាប់រហ័ស»

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ រួមគ្នាធ្វើពិធីផ្សព្វផ្សាយក្រោមប្រធានបទ
«ស្ថានភាពទេសចរណ៍កម្ពុជា ក្នុងបរិបទតំបន់ និងពិភពលោក ដែលមានភាពមិនប្រាកដប្រជា និងប្រែប្រួលឆាប់រហ័ស»
ចេញផ្សាយ៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦
(ភ្នំពេញ)៖ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយក្រោមប្រធានបទ «ស្ថានភាពទេសចរណ៍កម្ពុជា ក្នុងបរិបទតំបន់ និងពិភពលោក ដែលមានភាពមិនប្រាកដប្រជា និងប្រែប្រួលឆាប់រហ័ស» ដែលបានប្រារព្ធឡើងនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទាំងពីរ ប្រធានសមាគមអ្នកសារព័ត៌មាន អ្នកប្រតិបត្តិវិស័យទេសចរណ៍ និងភ្ញៀវកិត្តិយសជាច្រើន ដើម្បីពិភាក្សា និងបង្ហាញពីស្ថានភាពវិស័យទេសចរណ៍កម្ពុជា ក្នុងបរិបទតំបន់ និងពិភពលោក ដែលកំពុងប្រឈមនឹងការប្រែប្រួលយ៉ាងឆាប់រហ័ស និងភាពមិនប្រាកដប្រជា។
ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា នៅក្នុងសតវត្សរ៍ទី២១ សង្គ្រាមមិនតែងតែប្រើអាវុធទេ ប៉ុន្តែអាចប្រើ «ព័ត៌មាន» ជាឧបករណ៍ ហើយការប្រកួតប្រជែងរវាងប្រទេសក៏កើតឡើងនៅក្នុងលំហព័ត៌មានផងដែរ។ ប្រទេសដែលអាចការពារព័ត៌មានពិត និងការពារការពិតរបស់ខ្លួនបាន គឺអាចការពារកិត្តិយស និងផលប្រយោជន៍ជាតិបានយ៉ាងមានប្រសិទ្ធភាព។
ឯកឧត្តមបានគូសបញ្ជាក់ថា «ព័ត៌មានក្លែងក្លាយ» មិនត្រឹមតែជាព័ត៌មានមិនត្រឹមត្រូវទេ ប៉ុន្តែជាបញ្ហាប្រឈមផ្នែកសន្តិសុខព័ត៌មាន ដែលអាចប៉ះពាល់ដល់ទំនុកចិត្តសង្គម សេដ្ឋកិច្ច និងរូបភាពជាតិ។ ព័ត៌មានក្លែងក្លាយអាចបំផ្លាញទំនុកចិត្ត បំផ្លាញសេដ្ឋកិច្ច និងបំផ្លាញមុខមាត់ប្រទេស ដោយមិនចាំបាច់ប្រើអាវុធឡើយ។
ឯកឧត្តមបានបន្ថែមថា ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ មិនមែនជាការងាររបស់ក្រសួងព័ត៌មានតែមួយទេ ប៉ុន្តែត្រូវការការចូលរួមពីស្ថាប័នរដ្ឋ សារព័ត៌មាន វិស័យឯកជន អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋទាំងមូល។ នេះជាការងារជាតិដែលទាមទារការចូលរួមរួមគ្នា។
ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា ក្នុងសម័យឌីជីថល «ព័ត៌មាន និងទេសចរណ៍ គឺជារឿងតែមួយ» ព្រោះមុនពេលភ្ញៀវទេសចរធ្វើដំណើរ ពួកគេបានស្គាល់ប្រទេសតាមរយៈព័ត៌មានជាមុនរួចហើយ។ ដូច្នេះ ការផ្សព្វផ្សាយព័ត៌មានពិត គឺជាការការពារវិស័យទេសចរណ៍ និងការការពារកំណើនសេដ្ឋកិច្ចជាតិ។
ផ្នែកខាង ហួត ហាក់ បានជម្រាបអំពីស្ថានភាពទេសចរណ៍កម្ពុជា និងផែនការយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ ហ៊ុន ម៉ាណែត។
ឯកឧត្តមបានបញ្ជាក់ថា ក្រសួងទេសចរណ៍បានកំណត់តំបន់គោលដៅទេសចរណ៍ចំនួន ៤ រួមមាន៖
តំបន់ភ្នំពេញ និងជុំវិញ
តំបន់វប្បធម៌ និងប្រវត្តិសាស្ត្រ
តំបន់ឆ្នេរ
តំបន់អេកូទេសចរណ៍
ជាមួយគ្នានេះ ក្រសួងក៏បានកំណត់ទីផ្សារគោលដៅច្បាស់លាស់ ដើម្បីដាក់ចេញផែនការសកម្មភាពឲ្យមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែង។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងអំពីយុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦” ដែលមានគោលបំណងបង្កើនភាពទាក់ទាញទេសចរអន្តរជាតិ ជំរុញទេសចរក្នុងស្រុក និងធ្វើឲ្យវិស័យទេសចរណ៍មានសកម្មភាពពេញមួយឆ្នាំ។ រដូវកាលបៃតង (ខែឧសភា ដល់ខែតុលា) ត្រូវបានបំលែងពីការយល់ឃើញថាជារដូវខ្សត់ភ្ញៀវ ទៅជារដូវនៃភាពស្រស់ស្អាត ធម្មជាតិ និងបទពិសោធន៍ទេសចរណ៍ប្លែកថ្មី។
ជាសរុប ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសហការរវាងវិស័យព័ត៌មាន និងវិស័យទេសចរណ៍ ក្នុងការផ្សព្វផ្សាយសក្តានុពលកម្ពុជា ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងឱកាសនេះផងដែរ ក៏មានការចាក់បញ្ចាំងវីដេអូស្តីពីយុទ្ធនាការ «ទស្សនាកម្ពុជា នៅរដូវកាលបៃតង» និងយុទ្ធនាការ «Say No to Fake News» ដើម្បីលើកកម្ពស់ការយល់ដឹងអំពីព័ត៌មានពិត និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងសង្គម៕ដោយ ហុក វិបុល

Leave a Reply

Your email address will not be published. Required fields are marked *