លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អញ្ជើញជាអធិបតីបិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៥–២០២៦

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អញ្ជើញជាអធិបតីបិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៥–២០២៦
ប៉ៃលិន៖ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៥–២០២៦ ដែលប្រារព្ធធ្វើនៅបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្តប៉ៃលិន។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងយកចិត្តទុកដាក់ខ្ពស់លើវិស័យកីឡាគ្រប់ប្រភេទ ដែលបានធ្វើឱ្យវិស័យកីឡានៅទូទាំងប្រទេស មានការរីកចម្រើនយ៉ាងខ្លាំង និងទទួលបានជ័យលាភីជាបន្តបន្ទាប់លើឆាកអន្តរជាតិ។ សមិទ្ធផលទាំងនេះ កើតចេញពីមូលដ្ឋានសន្តិភាព បន្ទាប់ពីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ និងក្រោមនយោបាយឈ្នះៗរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត សប្បុរសជន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រ និងលើកស្ទួយវិស័យកីឡា ឱ្យមានការរីកចម្រើន។ ជាពិសេស ការរៀបចំការប្រកួតនេះ បានផ្តល់ឱកាសដល់សិស្សានុសិស្ស បង្ហាញសមត្ថភាព បង្កើនបទពិសោធន៍ និងអភិវឌ្ឍខ្លួន ដើម្បីក្លាយជាកីឡាករល្អ សម្រាប់ឆ្ពោះទៅការប្រកួតថ្នាក់ជាតិ។
ជាមួយគ្នានេះ លោកជំទាវបានជំរុញឱ្យមន្ទីរអប់រំ បន្តយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ឱ្យសមស្របតាមស្ថានភាពជាក់ស្តែងរបស់សាលា (ទាំងការថែទាំ ជួសជុល និងកែលម្អទីលានដែលមានស្រាប់) និងបណ្តុះបណ្តាលធនធានមនុស្ស ឱ្យសិស្សមានទម្លាប់ស្រលាញ់ និងចូលរួមលេងកីឡា ស្របតាមយុទ្ធសាស្ត្រកំណែទម្រង់អប់រំកាយ និងកីឡា ដែលយុវជនម្នាក់គួរតែមានជំនាញកីឡាមួយយ៉ាងតិច ប្រចាំជីវិត។
ក្នុងឱកាសដដែល លោកជំទាវបណ្ឌិត ក៏បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ ឱ្យប្រកួតដោយគោរពវិន័យ បច្ចេកទេស និងស្មារតីសាមគ្គីភាព យោគយល់អធ្យាស្រ័យគ្នា ព្រោះការប្រកួតតែងមានឈ្នះ និងចាញ់ ហើយត្រូវជៀសវាងការប៉ះទង្គិចមិនចាំបាច់។ ជាពិសេស ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដោយប្រើកីឡាជាមធ្យោបាយថែរក្សាសុខភាព និងអភិវឌ្ឍខ្លួន ឱ្យក្លាយជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិនាពេលអនាគត។
តាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា ការប្រកួតនេះប្រព្រឹត្តទៅរយៈពេល ១០ថ្ងៃ (ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦) មានសាលាចូលរួមចំនួន ២៧ សាលា សរុបកីឡាករ កីឡាការិនី ៩១២ នាក់ ក្នុងនោះកីឡាការិនី ៤៤៦ នាក់។ ចែកជា៖
បឋមសិក្សា ១៧ សាលា កីឡាករ ៤៨០ នាក់ (ស្រី ១៩៤ នាក់)
មធ្យមសិក្សា ១០ សាលា កីឡាករ ៤៣២ នាក់ (ស្រី ២៥២ នាក់)
លទ្ធផលការប្រកួតសំខាន់ៗ៖
១. បាល់បោះ (នារី មធ្យមសិក្សា)
លេខ១៖ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្តប៉ៃលិន
លេខ២៖ វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ
លេខ៣៖ អនុវិទ្យាល័យ បយ៉ាខា
បាល់បោះ (យុវជន)
លេខ១៖ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្តប៉ៃលិន
លេខ២៖ វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ
លេខ៣៖ វិទ្យាល័យ ពន្លឺប៉ៃលិន
២. បាល់ទះ (នារី មធ្យមសិក្សា)
លេខ១៖ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្តប៉ៃលិន
លេខ២៖ វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ
លេខ៣៖ វិទ្យាល័យ សន្តិភាព
៣. បាល់ទាត់ (នារី មធ្យមសិក្សា)
លេខ១៖ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្តប៉ៃលិន
លេខ២៖ អនុវិទ្យាល័យ ភ្នំកុយ
លេខ៣៖ អនុវិទ្យាល័យ ភ្នំយ៉ាត
បាល់ទាត់ (យុវជន)
លេខ១៖ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្តប៉ៃលិន
លេខ២៖ វិទ្យាល័យ មរតក ប៊ុន សុថា ផ្សារព្រំ
លេខ៣៖ វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ
ដោយ៖ អ៊ុក ទូច

Leave a Reply

Your email address will not be published. Required fields are marked *