ពលរដ្ឋ ២០គ្រួសារ បង្ហាញក្តីបារម្ភ ក្រោយអាជ្ញាធរក្រុងចេញលិខិតជូនដំណឹងពីការចុះវាស់វែងលើក្បាលដី

សៀមរាប៖ ប្រជាពលរដ្ឋប្រមាណ ២០គ្រួសារ ដែលជាម្ចាស់ក្បាលដីចំនួន ២០កន្លែង បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពេលអាជ្ញាធរក្រុងចេញលិខិតជូនដំណឹង ស្តីពីការចុះវាស់វែងលើក្បាលដីរបស់ពួកគាត់ជាថ្មីម្តងទៀត។
កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រុមប្រជាពលរដ្ឋខាងលើបានកាន់ឯកសារមកឈររង់ចាំក្រុមមន្ត្រីអាជ្ញាធរនៅតាមក្បាលដីរៀងៗខ្លួន ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ ប៉ុន្តែអាជ្ញាធរមិនបានចុះទៅវាស់វែងតាមការកំណត់នោះទេ ថែមទាំងមិនបានផ្តល់ដំណឹងត្រឡប់មកវិញថា នឹងត្រូវចុះវាស់វែងនៅពេលណាឱ្យពិតប្រាកដនោះដែរ។ បញ្ហានេះបានធ្វើឱ្យម្ចាស់ក្បាលដីទាំងនៅក្នុង និងក្រៅខេត្ត ត្រូវចំណាយពេលរង់ចាំយ៉ាងខាតបង់ទាំងពេលវេលាការងារ និងមុខរបរប្រចាំថ្ងៃ។ អ្វីដែលពួកគាត់បារម្ភបំផុតនោះគឺ ខ្លាចក្រែងនៅពេលពួកគាត់ចាកចេញទៅវិញ ទើបមានការវាស់វែងដោយគ្មានម្ចាស់ដីចូលរួមដឹងឮ។
លោក ឡាយ សុកថុល ម្ចាស់ក្បាលដីលេខ ១៨៩ បានឱ្យដឹងថា ដីនេះលោកមានលិខិតកាន់កាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះ។ កាលសម័យនោះ ដីទាំងនេះមានរហូតដល់ជាង ២៩០ក្បាលដី ស្ថិតក្នុងភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង (មិនមែនស្ថិតក្នុងភូមិអញ្ចាញ សង្កាត់នគរធំទេ) ហើយដីខាងលើនេះស្ថិតក្នុងតំបន់បុរីសណ្ឋាគារ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ លុះដល់ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ១៥៨ ដើម្បីកាត់ឆ្វៀលចេញពីតំបន់បុរីសណ្ឋាគារ និងធ្វើប្រទានកម្មជូនប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែង។
លោក ឡាយ សុកថុល បន្តថា នៅក្នុងឆ្នាំ២០១៦ដដែល ក្រោយពីមន្ទីរសុរិយោដីវាស់វែងបិទផ្សាយ ក៏ស្រាប់តែអាជ្ញាធរជាតិអប្សរាប្តឹងជំទាស់លើក្បាលដីទាំង ២៩០ ដោយអះអាងថាបានដោះស្រាយគោលនយោបាយរួចរាល់ហើយ ចាប់ពីពេលនោះមកក៏ស្ងាត់មួយរយៈ។ លុះកំឡុងឆ្នាំ២០១៧-២០១៨ ក៏មានមនុស្សមួយក្រុមដើរចរចាជាមួយពលរដ្ឋថា បើអ្នកណាព្រមប្រគល់ដី ៥០% នោះនឹងទទួលបានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង)។ មួយរយៈក្រោយមក គេឃើញក្បាលដីមួយចំនួនធំទទួលបានប្លង់រឹងជាហូរហែ ដោយនៅសល់តែ ៥៥ក្បាលដីប៉ុណ្ណោះដែលមិនទាន់បានប្លង់។
លោកបញ្ជាក់ទៀតថា នៅកំឡុងឆ្នាំ២០២០-២០២១ ក្រោយពេលប្តូរទីតាំងរដ្ឋបាលពីភូមិព្រៃគុយ ឃុំអំពិល មកជាភូមិអញ្ចាញ សង្កាត់នគរធំវិញ ពលរដ្ឋដែលមិនទាន់បានប្លង់បានដាក់លិខិតតវ៉ាជាហូរហែពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ។ ទោះបីជាមានចំណារពីខុទ្ទកាល័យសម្តេចតេជោឱ្យខេត្តដោះស្រាយ ក៏នៅតែគ្មានដំណោះស្រាយដដែល។ លុះមកដល់ឆ្នាំ២០២៣ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតឱ្យធ្វើប្លង់ដីខាងលើប្រគល់ជូនអាជ្ញាធរជាតិអប្សរាវិញ ហើយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរក្រុងក៏បានចេញលិខិតចុះវាស់វែង ទើបពួកគាត់ប្រមូលគ្នាមករង់ចាំបែបនេះ។ លោកសង្កត់ធ្ងន់ថា ពួកគាត់ទាំង ២០ក្បាលដី មិនដែលទទួលការដោះស្រាយគោលនយោបាយពីអាជ្ញាធរថ្នាក់ណាម្តងណាឡើយ ដូច្នេះសូមអាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាចុះមកពិនិត្យផ្ទាល់ និងបង្ហាញឯកសារដោះស្រាយគោលនយោបាយ បើមានពិតមែនពួកគាត់នឹងប្រគល់ដីជូនភ្លាម។
ដោយឡែក អ្នកស្រី ណៅ អាំងហួយ ដែលជាគ្រូបង្រៀនម្នាក់ ក៏បានលើកឡើងស្រដៀងគ្នាដែរថា ក្បាលដីរបស់គាត់ដែលបានសង់ផ្ទះរួចរាល់មានទំហំ ៦x២០ ម៉ែត្រ ប៉ុន្តែមិនទាន់មានប្លង់ទេ ខណៈអ្នកនៅសងខាងជាប់ដីគាត់ទទួលបានប្លង់អស់ទៅហើយ។ អ្នកស្រីបន្តថា កាលពីកន្លងទៅមានគេមកចរចាសុំប្រាក់ ៧០០ដុល្លារ ដើម្បីរត់ការចេញប្លង់ឱ្យ តែដោយសារគាត់គ្មានប្រាក់ ទើបជាប់ឈ្មោះក្នុងលិខិតជូនដំណឹងចុះវាស់វែងសារជាថ្មីនៅថ្ងៃទី២៣ ខែមីនានេះ។
ជុំវិញករណីនេះ ក្រុមប្រជាពលរដ្ឋម្ចាស់ក្បាលដីទាំង ២០ ក៏បានទទូចស្នើសុំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាផ្តល់ប័ណ្ណកម្មសិទ្ធិដល់ពួកគាត់ផង ព្រោះរាជរដ្ឋាភិបាលបានធ្វើប្រទានកម្មឱ្យពួកគាត់យូរឆ្នាំមកហើយ។ ពួកគាត់បានលើក
ជាសំណួរថា ការដែលអាជ្ញាធរចេញលិខិតបិទលើក្បាលដីឱ្យពលរដ្ឋមករង់ចាំ ប៉ុន្តែគ្មានមន្ត្រីណាម្នាក់ចុះមកសោះ តើនេះជាសញ្ញាបន្លាចពលរដ្ឋឱ្យភ័យខ្លាចរត់ចោលដីឬយ៉ាងណា? ពួកគាត់បញ្ជាក់ថា បើនៅតែគ្មានដំណោះស្រាយយុត្តិធម៌ទេ ពួកគាត់មានតែដាក់បណ្តឹងគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជួយអន្តរាគមន៍តែប៉ុណ្ណោះ៕

