លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដឹកនាំកម្លាំងបង្ក្រាបទីតាំង Online Scam នៅស្រុកសាលាក្រៅ ឃាត់ខ្លួនជនបរទេស ១៧ នាក់

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដឹកនាំកម្លាំងបង្ក្រាបទីតាំង Online Scam នៅស្រុកសាលាក្រៅ ឃាត់ខ្លួនជនបរទេស ១៧ នាក់
(ប៉ៃលិន)៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបទីតាំងសង្ស័យមួយកន្លែង ដែលទើបតែបង្កើតឡើងសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតនៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជាតំបន់ឆ្ងាយពីទីប្រជុំជន។
ប្រតិបត្តិការនេះ ត្រូវបានដឹកនាំផ្ទាល់ដោយ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិនផងដែរ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចំនួន ១៧ នាក់ ព្រមទាំងរកឃើញ និងរឹបអូសឧបករណ៍ជាច្រើន ដែលត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ការចុះបង្ក្រាបនេះ ត្រូវបានអនុវត្តបន្ទាប់ពីអាជ្ញាធរបានស្រាវជ្រាវ និងរកឃើញថា ក្រុមជនសង្ស័យបានលួចលាក់ប្រើប្រាស់ទីតាំងខាងលើ សម្រាប់ធ្វើសកម្មភាពខុសច្បាប់ និងមានការស្នាក់នៅមិនស្របច្បាប់ ផ្ទុយនឹងអនុក្រឹត្យលេខ ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ។
បច្ចុប្បន្ន អាជ្ញាធរបានសម្រេចបិទខ្ទប់ទីតាំងខាងលើជាបណ្ដោះអាសន្ន ខណៈជនសង្ស័យទាំង ១៧ នាក់ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់។
យោងតាមការបញ្ជាក់ពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា យុទ្ធនាការបង្ក្រាប Online Scams នៅទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត បានបង្ក្រាប និងបិទខ្ទប់ទីតាំងសរុបចំនួន ២៣៦ កន្លែង។
ក្នុងចំណោមនេះ មានទីតាំងកាស៊ីណូចំនួន ៩១ កន្លែង និងទីតាំងប្រភេទបុរី វីឡា ខុនដូ និងលំនៅឋានផ្សេងៗ ចំនួន ១៤៥ កន្លែង។
ដោយឡែក របាយការណ៍របស់ក្រសួងយុត្តិធម៌ បានបង្ហាញថា ក្នុងរយៈពេល ៨ ខែចុងក្រោយ តុលាការកម្ពុជា បានអនុវត្តនីតិវិធីលើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ចំនួន ៧៩ សំណុំរឿង ដោយបានផ្តន្ទាទោសមេខ្លោង និងបក្ខពួកសរុប ៦៩៧ នាក់ ដែលមានជាច្រើនសញ្ជាតិ រួមទាំងសំណុំរឿងធំៗមួយចំនួនផងដែរ។
ដោយ៖ អ៊ុក ទូច

 

 

Leave a Reply

Your email address will not be published. Required fields are marked *