ករណីយុវតី ៣នាក់ ប្រើហិង្សាលើមិត្តរួមថ្នាក់ម្នាក់ កំពុងផ្ទុះការវែកញែកក្នុងបណ្តាញសង្គម
(ភ្នំពេញ)៖ វីដេអូមួយបង្ហាញពីសកម្មភាព យុវតី៣នាក់ ប្រើហិង្សាលើយុវតីម្នាក់ ដែលជាមិត្តរួមថ្នាក់ ត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បង្កឲ្យមានការវែកញែក និងចែករំលែកបន្តដោយមហាជនជាច្រើនពាន់ម៉ឺននាក់។
ទោះបីជាមានមតិយោបល់ជាច្រើនខុសៗគ្នា ទាំងអ្នកដឹង និងមិនដឹងអំពីហេតុការណ៍ពិត មានហេតុផល ឬគ្មានហេតុផល ក៏ដូចជាមានទាំងពាក្យពេចន៍ថ្លៃថ្នូរ និងពាក្យពេចន៍អសុរស ប៉ុន្តែមតិទាំងនោះ មិនមែនជាមូលដ្ឋានសមស្របសម្រាប់ដោះស្រាយបញ្ហារវាងភាគីទាំងពីរឡើយ។
យោងតាម ច្បាប់ស្តីពីយុត្តិធម៌អនីតិជន មាត្រា១៤ បានចែងថា៖ «អនីតិជនក្រោមអាយុ ១៤ឆ្នាំ ដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើស មិនអាចត្រូវបានឃាត់ខ្លួនឡើយ»។
បើតាមប្រភពព័ត៌មាន ហេតុការណ៍ខាងលើ បានកើតឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅក្នុង វិទ្យាល័យព្រះយុគន្ធរ ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្នុងហេតុការណ៍នោះ យុវតីរងគ្រោះអាយុ ១៣ឆ្នាំ ត្រូវបានមិត្តរួមថ្នាក់ ៣នាក់ (អាយុ ១៣ឆ្នាំ ២នាក់ និងអាយុ ១២ឆ្នាំ ១នាក់) ប្រើហិង្សាលើខ្លួន ដោយចោទប្រកាន់ថា យុវតីរងគ្រោះបានចាក់រុក និងញុះញង់ឱ្យពួកគេឈ្លោះប្រកែកគ្នា។
ប្រហែលកន្លះខែក្រោយមក គឺនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ម្តាយយុវតីរងគ្រោះ បាននាំកូនស្រីមកដាក់ពាក្យបណ្ដឹងនៅ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ បន្ទាប់ពីទទួលពាក្យបណ្ដឹង មន្ត្រីជំនាញនៃ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានអនុវត្តនីតិវិធី ដោយកោះហៅភាគីជនសង្ស័យទាំង៣នាក់ រួមទាំងអាណាព្យាបាល មកសាកសួរអំពីរឿងហេតុ។
នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ភាគីជនសង្ស័យទាំង៣នាក់ និងអាណាព្យាបាល បានចូលខ្លួនមកឆ្លើយបំភ្លឺ និងសារភាពអំពីកំហុសរបស់ខ្លួន។
ដោយសារយុវតីទាំង៣នាក់ ជា អនីតិជនអាយុក្រោម១៤ឆ្នាំ ដូច្នេះច្បាប់មិនអនុញ្ញាតឱ្យធ្វើការឃាត់ខ្លួនឡើយ។ សមត្ថកិច្ចបានព្យាយាមសម្របសម្រួលឱ្យភាគីទាំងពីរធ្វើការចរចាបញ្ចប់រឿង ប៉ុន្តែដោយការចរចាមិនទទួលបានលទ្ធផល និងក្រោមការសម្របសម្រួលពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចបានសម្រេចប្រគល់យុវតីជនសង្ស័យទាំង៣នាក់ ឱ្យអាណាព្យាបាលធានាយកត្រឡប់ទៅលំនៅដ្ឋានវិញ ហើយកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ជាមួយគ្នានេះ សមត្ថកិច្ចក៏បានអំពាវនាវដល់មហាជន សូមបញ្ចេញមតិយោបល់ដោយផ្អែកលើ គោលការណ៍ច្បាប់ សីលធម៌ និងសុជីវធម៌សង្គម ដើម្បីធានាការការពារសិទ្ធិ និងឧត្តមប្រយោជន៍របស់អនីតិជន ព្រមទាំងការពារផលប្រយោជន៍សង្គម និងសហគមន៍ ដោយទុកឱ្យតុលាការជាអ្នកកំណត់យុត្តិធម៌តាមនីតិវិធីច្បាប់យ៉ាងហ្មត់ចត់៕

