រដ្ឋបាលខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ២,៥០០ដើម អបអរសាទររុក្ខទិវា ៩ កក្កដា លើកទី៣១
ប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរមូលដ្ឋាន យុវជន ស.ស.យ.ក. លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមដាំដើមឈើចម្រុះចំនួន ២,៥០០ដើម នៅតាមបណ្តោយផ្លូវ ស្ថិតក្នុងភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីអបអរសាទរ រុក្ខទិវា ៩ កក្កដា លើកទី៣១។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ថា ទិវាដាំដើមឈើ គឺជាប្រពៃណីជាតិ និងជាវប្បធម៌ដ៏ឧត្តុង្គឧត្តម ដែលមានតាំងពីឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ។ ទិវានេះមានគោលបំណងបំផុសចលនាដាំដើមឈើ ថែរក្សា និងការពារធនធានព្រៃឈើ ព្រមទាំងបណ្តុះស្មារតីស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តប៉ៃលិនកំពុងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបរិស្ថាន អភិរក្សធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍបៃតងនៅកម្ពុជា។
លោកជំទាវក៏បានអំពាវនាវដល់អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាព កងកម្លាំងទាំង៣ប្រភេទ និងប្រជាពលរដ្ឋ បន្តចូលរួមថែរក្សាធនធានព្រៃឈើ និងដាំកូនឈើឱ្យបានកាន់តែច្រើន ដើម្បីបង្កើនគម្របព្រៃឈើ ការពារបរិស្ថាន និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
បើតាមលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ក្នុងឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានកំណត់ទីតាំងខាងលើសម្រាប់ប្រារព្ធរុក្ខទិវា និងដាំដើមឈើចម្រុះចំនួន ២,៥០០ដើម រួមមាន៖
- សាគូរ៉ា ២០០ដើម
- ត្របែកព្រៃ ៥០០ដើម
- បេង ៥០០ដើម
- ច្រេស ២០០ដើម
- ធ្នង់ ២០០ដើម
- ជើងគោ ៤០០ដើម
- ក្រញូង ២០០ដើម
- គគីរ ៣០០ដើម
កូនឈើទាំងនេះ មួយចំនួនត្រូវបានប្រើប្រាស់សម្រាប់ដាំក្នុងពិធីរុក្ខទិវា និងមួយចំនួនទៀតត្រូវបានចែកជូនតាមមន្ទីរ-អង្គភាព សាលារៀន វត្តអារាម និងប្រជាពលរដ្ឋ ដើម្បីបន្តដាំនៅតាមមូលដ្ឋាន។
ដោយ៖ អ៊ុក ទូច

