ក្រុមការងារអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះត្រួតពិនិត្យការដ្ឋានជួសជុលអគារមួយកន្លែង នៅខណ្ឌ៧មករា រាជធានីភ្នំពេញ

ក្រុមការងារអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះត្រួតពិនិត្យការដ្ឋានជួសជុលអគារមួយកន្លែង នៅខណ្ឌ៧មករា រាជធានីភ្នំពេញ
(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយ លោក ហូ ចាន់ថា អគ្គនាយករង នៃអគ្គនាយកដ្ឋានសំណង់ និងលោក ទិត ខេមរា ប្រធាននាយកដ្ឋានសំណង់ បានដឹកនាំមន្រ្តីបច្ចេកទេសនៃនាយកដ្ឋានសំណង់ នៃអគ្គនាយកដ្ឋានសំណង់ ចុះត្រួតពិនិត្យការដ្ឋានជួសជុលអគារមួយកន្លែង ដែលស្ថិតនៅ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានករណីជួសជុលបន្ទប់ទឹកនៅជាន់ទី៣ នៃអគារខាងលើ បណ្ដាលឱ្យបាក់ធ្លាក់បាតប្លង់សេជាន់ឡៅតឿ នៃជាន់ទី២ ដែលអាចបង្កឱ្យមានហានិភ័យផ្នែកសុវត្ថិភាពដល់អ្នករស់នៅ និងអ្នកប្រើប្រាស់អគារនោះ។
ក្នុងដំណើរការចុះត្រួតពិនិត្យ ក្រុមការងារបច្ចេកទេសបានពិនិត្យស្ថានភាពរចនាសម្ព័ន្ធអគារ ស្ថានភាពប្លង់សេ ការជួសជុលដែលបានអនុវត្ត និងកត្តាបច្ចេកទេសផ្សេងៗ ដែលអាចជាមូលហេតុនាំឱ្យកើតមានការខូចខាត ដើម្បីវាយតម្លៃស្ថានភាពសំណង់ និងកំណត់វិធានការបន្តសម្រាប់ធានាសុវត្ថិភាព។
ការចុះត្រួតពិនិត្យនេះ ក៏មានការចូលរួមពីតំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី រាជធានីភ្នំពេញ ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ខណ្ឌ៧មករា តំណាងរដ្ឋបាលខណ្ឌ៧មករា ព្រមទាំងតំណាងម្ចាស់សំណង់ និងតំណាងម្ចាស់ផ្ទះដែលរងផលប៉ះពាល់ផងដែរ។
តាមរយៈការត្រួតពិនិត្យជាក់ស្តែង ក្រុមការងារបច្ចេកទេសបានផ្តល់អនុសាសន៍ និងណែនាំដល់ម្ចាស់សំណង់ឱ្យអនុវត្តការជួសជុលតាមលក្ខណៈបច្ចេកទេសសំណង់ និងត្រូវមានការត្រួតពិនិត្យពីមន្រ្តីជំនាញ ដើម្បីធានាបាននូវសុវត្ថិភាពរចនាសម្ព័ន្ធអគារ និងបង្ការការកើតមានហានិភ័យជាបន្តបន្ទាប់។
សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការតាមដានត្រួតពិនិត្យសំណង់នៅតាមទីក្រុង និងតំបន់នានា ដើម្បីធានាការអនុវត្តតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ ពង្រឹងសុវត្ថិភាពអគារ និងការរស់នៅប្រកបដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
#កិច្ចការលំនៅឋាន
#សំណង់មិនរៀបរយ
#សំណង់អគារចាស់ទ្រុឌទ្រោម
#សំណង់បណ្តោះអាសន្ន
#លំនៅឋានតម្លៃសមរម្យ
#ផ្ទះសម្បែងសម្រាប់ប្រជាជនគ្រប់រូបនិងតជំនាន់
#ប្រជាជនគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ
#ទ្រនំសុភមង្គល

ដោយ ហុក វិបុល

Leave a Reply

Your email address will not be published. Required fields are marked *