ក្មេងទំនើង ១៤នាក់ និងម៉ូតូ ១៤គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្ក្រាប ពាក់ព័ន្ធការកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស
(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការឆ្មក់បង្ក្រាបក្រុមក្មេងទំនើងចំនួន ១៤នាក់ និងម៉ូតូ ១៤គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កឱ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅយប់ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌមានជ័យ។
ការបង្ក្រាបបានធ្វើឡើងនៅចំណុច ភូមិ០១ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងនៅចំណុច ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីការឃាត់ខ្លួន កម្លាំងអាវុធហត្ថបានធ្វើការព្រមាន អប់រំ និងណែនាំដល់ក្រុមយុវជនទាំងនោះ ហើយបានឱ្យម្ចាស់ម៉ូតូធ្វើ កិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស ដែលបង្កការរំខានដល់សាធារណៈជនតទៅទៀត។
ចំពោះម៉ូតូទាំង ១៤គ្រឿង ក្នុងនោះ ១១គ្រឿង ត្រូវបានដកហូតរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ខណៈ ៣គ្រឿងទៀត ត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។



