ថ្ងៃចេញផ្សាយ៖ ២៨ ខែធ្នូ ឆ្នាំ២០២៥
(ខេត្តកែប)៖ ប្រជាពលរដ្ឋនៅក្នុងភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ កំពុងដាក់ការសង្ស័យ និងរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពបើកល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងអាប៉ោង) មួយកន្លែងដែលស្ថិតនៅក្បែរក្រុមហ៊ុនកិនថ្ម ដោយសារទីតាំងនេះអាចដំណើរការបានយ៉ាងរលូន និងអនាធិបតេយ្យបំផុត ហាក់មិនខ្លាចញញើតនឹងច្បាប់ទាល់តែសោះ។
តាមប្រភពព័ត៌មានពីមូលដ្ឋានបានឱ្យដឹងថា ទីតាំងល្បែងស៊ីសងខាងលើ កំពុងបើកលេងយ៉ាងពេញបន្ទុក ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនឆ្ងល់នោះគឺ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន បែរជាមិនទាន់មានវិធានការចុះទប់ស្កាត់ ឬបង្ក្រាបឡើយ។ ភាពស្ងប់ស្ងាត់ខុសធម្មតានេះ បានធ្វើឱ្យពលរដ្ឋសង្ស័យថា ម្ចាស់ទីតាំងប្រហែលជាមាន “ខ្នងបង្អែក” រឹងមាំ ឬអាចមានការ “ត្រូវរ៉ូវគ្នា” ណាមួយជាប្រព័ន្ធ ទើបអាចបើកដំណើរការបានដោយសេរីបែបនេះ។
ប្រជាពលរដ្ឋបានសម្តែងនូវក្តីកង្វល់យ៉ាងខ្លាំង ចំពោះសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ព្រោះទីណាមានល្បែងស៊ីសង ទីនោះតែងបង្កឱ្យមានបទល្មើសផ្សេងៗដូចជា ចោរកម្ម លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ដែលផ្ទុយស្រឡះពីគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”។
អង្គភាពសារព័ត៌មានយើងខ្ញុំ សូមធ្វើការផ្សព្វផ្សាយដើម្បីពាំនាំព័ត៌មាន និងសំណូមពរយ៉ាងទទូចដល់ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និង ឯកឧត្តម ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប មេត្តាជួយចាត់វិធានការក្តៅ ចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងនេះឱ្យខាងតែបាន ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។
ជាពិសេស ដើម្បីឱ្យស្របតាមលក្ខណៈសម្បត្តិ ៧ យ៉ាង នៃគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព រួមមាន៖ ១. ការផ្តល់សេវាសាធារណៈមានគុណភាព និងតម្លាភាព។ ២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់។
៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ គ្មានគ្រោះថ្នាក់ចរាចរណ៍។ ៤. គ្មានអំពើអនាចារ ជួញដូរមនុស្ស និងអំពើហិង្សាក្នុងគ្រួសារ។ ៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការមានប្រសិទ្ធភាព។ ៦. មានអនាម័យ សោភ័ណភាព និងបរិស្ថានល្អ។ ៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងជំងឺរាតត្បាត។
អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំទទួលការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត។
ដោយអង្គភាព៖ ០៩៧ ៤២១ ៦៦៦១


