ឈ្មួញខិលខូចនៅតែបន្តនាំលៀសចេញពីតំបន់បឹងទន្លេសាបទៅប្រទេសវៀតណាម

 

ឈ្មួញខិលខូចនៅតែបន្តនាំលៀសចេញពីតំបន់បឹងទន្លេសាបទៅប្រទេសវៀតណាម

ខេត្តសៀមរាប៖ អាជ្ញាធរមានសមត្ថកិច្ចច្រើនស្ថាប័នណាស់ ដែលមានសិទ្ធិក្នុងការបង្ក្រាបទល្មើសនៃការនាំលៀសទៅប្រទេសវៀតណាម។ បើនិយាយពីសមត្ថកិច្ចជំនាញរដ្ឋបាលជលផលវិញគឺមានច្រើនស្អេកស្កះចាប់ពីនៅក្នុងទឹកបឹងទន្លេសាប រហូតដល់លើគោកនិងនៅច្រកទ្វារព្រំដែន មុនចេញទៅប្រទេសវៀតណាម។ បច្ចុប្បន្ននេះក្រៅពីសមត្ថកិច្ចជំនាញរដ្ឋបាលជលផលក៏នៅមាននគរបាលសេដ្ឋកិច្ចនិងជាពិសេសកម្លាំងយោធាដែលត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ចាត់តាំងកម្លាំងឲ្យចាំបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបនោះទៀតផង។

ប៉ុន្តែគេកត់សម្គាល់ឃើញថា បទល្មើសនៃការនេសាទលៀសនៅលើផ្ទៃបឹងទន្លេសាប នៅតែកើតមានហើយការនាំលៀសចេញទៅក្រៅប្រទេសក៏នៅតែដំណើរការជាធម្មតា។បើទោះបីជា សមត្ថកិច្ចយោធា,នគរបាល ប្រឹងដុតដៃដុតជើងបង្ក្រាបជាញឹកញាប់ក៏ដោយ។ ពួកឈ្មួញ តែប៉ុន្មាននាក់ប៉ុណ្ណោះ ដែលធ្វើសកម្មភាពកំពុងក្រឡុកផ្ទៃបឹងទន្លេសាបដើម្បីប្រមូលនាំលៀសចេញទៅប្រទេសវៀតណាម។ ហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ច មិនកាត់ផ្ដាច់ឬសគល់ឈ្មួញទាំងប៉ុន្មាននាក់នោះ ?

យ៉ាងហោចណាស់ឈ្មួញល្បីឈ្មោះបីនាក់ ដែលកំពុងធ្វើសកម្មភាពនាំលៀសចេញ ទៅប្រទេសវៀតណាមសព្វថ្ងៃ។ បើទោះបីជាសមត្ថកិច្ច ចាប់ផាកពិន័យច្រើន លើកច្រើនសារហើយក៏ដោយ ក៏ពួកគេនៅតែបន្តធ្វើ សកម្មភាពដដែល។ ពលរដ្ឋនៅតំបន់បឹងទន្លេសាបក្នុងខេត្តសៀមរាប,កំពង់ធំ,កំពង់ឆ្នាំង និងពោធិ៍សាត់ មានចម្ងល់ថា ហេតុអ្វីបានជាស្ថាប័នជំនាញក៏ដូចជាកង យោធពលខេមរភូមិន្ទ មិនកាត់ផ្ដាច់ឬសគល់នៃពពួកបំផ្លាញធនធានធម្មជាតិអេកូឡូស៊ីនេះ។

បុគ្គលល្បីឈ្មោះមួយរូបដែលអាចចាត់ទុកថាជាមេខ្លោងធំឈ្មោះឡេ យ៉ាំងហៀប រស់នៅក្នុងស្រុកក្រគរ ខេត្ត ពោធិ៍សាត់ ជាអ្នកមានទ្រព្យធន់និងជាស្ថាបនិកក្នុងការនាំលៀសទៅប្រទេសវៀតណាម,លោកខ្យង រស់នៅក្នុងស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ជាគូរកនរបស់លោកហៀប ដែលលោកខ្យងមានរថយន្តធុនធំសម្រាប់ដឹកលៀសទៅប្រទេសវៀតណាមនិងលោកប៉ូច ហៅពៅ នៅស្រុកក្រគរខេត្តពោធិ៍សាត់ ជាអ្នកមានរថយន្តសាំយ៉ុង សម្រាប់ដឹកលៀសទៅប្រទេសវៀតណាមនិងក៏ជាអ្នករត់ការតាមដង ផ្លូវដ៏ចំណានផងដែរ។ បុរសខ្មែរ,វៀតណាមទាំង៣នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចចាប់បង្ក្រាបជាញយដងមកហើយក្នុងការនាំលៀសទៅប្រទេសវៀតណាមដោយខុសច្បាប់។ ប៉ុន្តែហាក់ដូចមិនរាងចាលសោះ។

ពួកគេភាគច្រើននាំលៀសចេញតាមច្រកព្រំដែន នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង។ ពលរដ្ឋអ្នកនេសាទនិយាយថា បើអាជ្ញាធរមានសមត្ថកិច្ចមិនចាត់វិធានការទាន់ពេលវេលាទេ នោះធនធានធម្មជាតិអេកូឡូស៊ីនៅក្នុងបឹងទន្លេសាបនឹងត្រូវរលាយហិនហោចឆាប់ៗ។ លៀសល្អិតទាំងនេះ ត្រូវបាននាំទៅប្រទេសវៀតណាមសម្រាប់កិនធ្វើជាចំណីបង្កង៕

img 20260111 113552 825 img 20260111 113553 063 img 20260111 113552 798 img 20260111 113553 133 img 20260111 113553 408 img 20260111 113552 905 img 20260111 113553 242 img 20260111 113552 597 img 20260111 113553 403 img 20260111 113727 973

Leave a Reply

Your email address will not be published. Required fields are marked *