ភ្នំពេញ៖ ល្បែងស៊ីសងតាមអនឡាញរីករាលដាលក្នុងខណ្ឌដូនពេញ មានសេចក្តីរាយការណ៍ថា ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែង ស្ថិតនៅផ្លូវលេខ ១៥ កែងផ្លូវលេខ ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ កំពុងបើកដំណើរការយ៉ាងរលូន ដោយមានអ្នកយាម និងអ្នកកាងកន្លែង ដែលបង្ហាញអាកប្បកិរិយាកាចសាហាវចំពោះមហាជន និងអ្នកសារព័ត៌មាន។
ជាទូទៅ ល្បែងស៊ីសងតាមអនឡាញនៅក្នុងខណ្ឌដូនពេញ ត្រូវបានគេរាយការណ៍ថា មានច្រើនកន្លែងកំពុងរីករាលដាលដូចផ្សិត បើកលេងជាប្រក្រតី ទោះបីជាអាជ្ញាធរមូលដ្ឋានបានបដិសេធថា រូបភាពដែលផ្សព្វផ្សាយជារូបភាពចាស់ និងអះអាងថា ប្រសិនបើមានការបើកលេងពិតប្រាកដ អាជ្ញាធរនឹងចុះបង្ក្រាបជាបន្ទាន់ក៏ដោយ។
យ៉ាងណាមិញ តាមការសង្កេតជាក់ស្តែង ល្បែងស៊ីសងអនឡាញទាំងនេះ ត្រូវបានគេដាក់ឲ្យដំណើរការជាមួយយុទ្ធសាស្ត្របំភ័ន្តភ្នែកមហាជន និងអ្នកសារព័ត៌មាន ដោយនៅពេលមានការចុះថតយករូបភាព គេតែងតែបិទទ្វារជាបណ្ដោះអាសន្ន ហើយបន្ទាប់មកបើកដំណើរការឡើងវិញ ដោយមានអ្នកមើលការខុសត្រូវ និងអ្នកកាងកន្លែង ចេញមកសួរនាំ ថតរូប ឬប្រើសំដីមិនសមរម្យចំពោះអ្នកសារព័ត៌មាន។
ជាក់ស្តែង ទីតាំងមួយចំនួននៅតែបើកដំណើរការជាប្រក្រតី ២៤ ម៉ោង ខណៈពេលមានអ្នកសារព័ត៌មានចុះទៅពិនិត្យ និងថតយកភស្តុតាង ត្រូវបានអ្នកយាម និងអ្នកកាងកន្លែង ប្រើពាក្យសំដីកាចៗ បង្កឲ្យមានការភ័យខ្លាច និងបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន។
ករណីនេះ បានធ្វើឲ្យមហាជនមានការសង្ស័យថា ទីតាំងល្បែងស៊ីសងអនឡាញ ដែលស្ថិតនៅផ្លូវលេខ ១៥ កែងផ្លូវលេខ ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ អាចមានអំណាច ឬឥទ្ធិពលពិសេស ដែលអាចបន្តបើកដំណើរការបានយ៉ាងស្ងៀមស្ងាត់ ដោយមិនទាន់ត្រូវបានចាត់វិធានការតាមច្បាប់នៅឡើយ។
ដោយ៖ ហុក វិបុល
📞 ទំនាក់ទំនង៖ 097 421 6661
