ប្រជាពលរដ្ឋស្នើអាជ្ញាធរពិនិត្យទីតាំងសង្ស័យបើកល្បែងស៊ីសងក្នុងចម្ការកៅស៊ូ នៅស្រុកអូររាំងឪ
ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងពីក្តីព្រួយបារម្ភ និងស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធ ចុះស្រាវជ្រាវ និងពិនិត្យទីតាំងមួយចំនួន ស្ថិតក្នុងតំបន់ចម្ការកៅស៊ូ ភូមិស្ទឹងអង្កាញ់ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលត្រូវបានគេសង្ស័យថា មានការប្រមូលផ្តុំលេងល្បែងស៊ីសងខុសច្បាប់ ដូចជា ជល់មាន់ អាប៉ោង និងល្បែងភ្នាល់ផ្សេងៗ។
តាមការអះអាងពីប្រភពប្រជាពលរដ្ឋ ដែលអះអាងថាជាសមាជិកគ្រួសាររបស់អ្នកញៀនល្បែង បានឱ្យដឹងថា សកម្មភាពនេះបានទាក់ទាញមនុស្សជាច្រើនធ្វើដំណើរទៅចូលរួមលេង និងចាក់ភ្នាល់ជាបន្តបន្ទាប់ ដែលធ្វើឱ្យមានសំឡេងរំខាន និងបង្កការព្រួយបារម្ភដល់អ្នករស់នៅក្បែរតំបន់នោះ។
ប្រភពដដែលបានបន្តថា ការញៀនល្បែងស៊ីសងបានជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពគ្រួសារមួយចំនួន ដោយមានករណីឈ្លោះប្រកែកគ្នា បញ្ហាហិង្សាក្នុងគ្រួសារ បំណុល និងការបាត់បង់ទ្រព្យសម្បត្តិ ដែលជាបញ្ហាសង្គមគួរឱ្យកត់សម្គាល់។
ប្រជាពលរដ្ឋក៏បានអះអាងទៀតថា ទីតាំងសង្ស័យខាងលើ អាចមានការផ្លាស់ប្តូរទីតាំងជាប្រចាំ ដោយមានចំណុចមួយចំនួនក្នុងតំបន់ឃុំព្រះធាតុ និងឃុំទន្លេបិទ ស្រុកអូររាំងឪ ដែលត្រូវបានគេលើកឡើងថា អាចជាកន្លែងប្រមូលផ្តុំសកម្មភាពទាំងនេះ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ មេត្តាចុះពិនិត្យ ស្រាវជ្រាវ និងអនុវត្តវិធានការតាមផ្លូវច្បាប់ ប្រសិនបើរកឃើញថាមានសកម្មភាពល្បែងស៊ីសងខុសច្បាប់ពិតប្រាកដ ដើម្បីចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
បញ្ជាក់៖ ខ្លឹមសារខាងលើ គឺផ្អែកលើការលើកឡើងរបស់ប្រភពប្រជាពលរដ្ឋ ហើយអង្គភាពសារព័ត៌មានរង់ចាំការបំភ្លឺពីអាជ្ញាធរ ឬភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយឱ្យបានគ្រប់ជ្រុងជ្រោយ និងស្របតាមវិជ្ជាជីវៈសារព័ត៌មាន។ 0969797966

